(កំពង់ធំ)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញប្រកាសតែងតាំង នាយកវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល នៅវិទ្យាស្ថានកំពង់បច្ចេកវិទ្យា កំពង់ឈើទាល ភូមិសំបូរ ឃុំសំបូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ប៉ិច សៀង ដែលទើបប្រកាសចូល កាន់តំណែងថ្មីបានធ្វើការប្តេជ្ញា និងយកចិត្តទុកដាក់បំពេញការងារ ឲ្យមានប្រសិទ្ធិភាព និងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំបំពេញ នូវបេសកកម្ម ដែលថ្នាក់លើបានប្រគល់ជូន នូវភារកិច្ចផ្នែកវិស័យអប់រំ បន្តការជំរុញអនុវត្តការងារ ឲ្យបានប្រសើរមាននិរន្តរភាព និងប្រសិទ្ធិភាពពិសេស ខិតខំដោះស្រាយជូន សិស្សនិស្សិត ប្រកបដោយភាពទំនួលខុសត្រូវ។

លោកបានបន្តទៀតថា សម្រាប់តំណែងថ្មីនេះ លោកនិងងប្តេជ្ញាធ្វើការពង្រឹង នូវរបៀបរបបការងារ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយប្រកាន់យកនូវអភិក្រមការងារបួនគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល»។ ប្តេជ្ញារក្សាសាមគ្គីភាពផ្ទៃក្នុង របស់អង្គភាពឲ្យបានរឹងមាំ បន្តពង្រឹងកិច្ចសហការរវាងស្ថាប័ន ពាក់ព័ន្ធអាជ្ញាធរដែនដី និងវិស័យឯកជន បន្តកិច្ចសហការឲ្យបានជិតស្និទ្ធ និងល្អប្រសើរ ជាមួយអង្គការជាតិ និងអន្តរជាងតិ ដែលមានគោលដៅ​ ស្របទៅនឹងផែនការយុទ្ធសាស្រ្ត របស់ក្រសួងអប់រំ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានផ្តាំផ្ញើដល់នាយក ដែលទើបតែងតាំងថ្មី ត្រូវសហការជាមួយនឹង អាជ្ញាធរមូលដ្ឋាន និងភាគីថៃ ក្នុងការកៀគរជាសម្ភារៈ ថវិកា ដើម្បីជាជំនួយដើម្បីដោះស្រាយ ជូនកូនចៅរបស់ប្រជាពលរដ្ឋ បានសិក្សាចប់ចុងចប់ដើម។ ត្រូវរៀបចំឲ្យបានល្អ ក្នុងការតម្រង់ទិសដល់សិស្សានុសិស្ស ឲ្យស្របតាមទីផ្សារការងារ។ ត្រូវជ្រើសរើសនូវលក្ខណៈសម្បត្តិ របស់សិស្សឲ្យមានគុណភាព និងប្រសិទ្ធិភាព៕