(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៨,២លានអឺរ៉ូ ស្មើជិត ៩លានដុល្លារអាមេរិកដល់អង្គការក្រៅរដ្ឋាភិបាលចំនួន១១ នៅកម្ពុជា ដើម្បីជួយពង្រឹងដល់អង្គការសង្គមស៊ីវិល និងលើកកម្ពស់សិទ្ធិមនុស្ស (សិទ្ធិនយោបាយ សិទ្ធិពល រដ្ឋ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងវប្បធម៌) គណនេយ្យភាព អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានថ្លែងបង្ហាញនូវក្តីសោមនស្សរីករាយខ្លាំង ដែលសហភាពអឺរ៉ុប ក្នុងនាមជាដៃគូអភិវឌ្ឍសំខាន់មួយរបស់កម្ពុជា អាចបន្តការគាំទ្ររបស់ខ្លួន ដើម្បីជួយដល់អង្គការសង្គមស៊ីវិល និងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងកំណែទម្រង់ប្រជាធិបតេយ្យ។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរំពឹងរបស់ខ្លួនថា «យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជាតិ ទាំងមូលតាមរយៈការពង្រឹងអភិបាលកិច្ចល្អ គណនេយ្យភាព និងការអភិវឌ្ឍមានលក្ខណៈរួមបញ្ចូល និងប្រកបដោយចីរភាព។ ខ្ញុំជឿជាក់ថា ជំនួយឥតសំណងថ្មីទាំងនេះ នឹងជួយដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ឲ្យកាន់តែរួមតូច ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា»

បើតាមសេចក្តីប្រកាសព័ត៌មាន បានបន្តឲ្យដឹងថា ជំនួយជិត ៩លានដុល្លារនេះ ប្រើដើម្បីអង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ រួមនិងអង្គការដៃគូ អនុវត្តគម្រោងរបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលទាំង១១នេះ អង្គការ ActionAid មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និង ស្រ្តីកម្ពុជា ទទួលបានទឹកប្រាក់ ១លានអឺរ៉ូ សម្រាប់ដំណើរការគម្រោងមួយនៅក្នុងខេត្តកំពត និងឧត្តរមានជ័យ។ គម្រោងនេះ មានគោលដៅជួយពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ត្រូវគេផាត់ចោល ដែលរងគ្រោះដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរំលោភសិទ្ធិកាន់កាប់ដីធ្លី និងការកេងប្រវ័ញ្ចដីធ្លី ក្នុងគោលបំណងឲ្យពួកគាត់អាចទទួលបានសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានផ្តល់ជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា តាំងពីឆ្នាំ២០០៣មកម្ល៉េះ ហើយនៅក្នុងឆ្នាំ២០១៤កន្លងទៅ សហភាពអឺរ៉ុប បានផ្តល់ជំនួយដល់អង្គការសង្គមស៊ីវិលជាង ២លានអឺរ៉ូ៕