(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ ១៦នាក់រងរបួសធ្ងន់ និង១៣នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន១៦លើក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតម៉ូតូ១៨គ្រឿង រថយន្តធុនតូច៧គ្រឿង រថយន្តធំ១គ្រឿង យានផ្សេង២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបង្កគ្រោះថ្នាក់មាន បើកបរល្បឿនលឿន ៧លើក មិនគោរពសិទ្ធិ២លើក មិនប្រកាន់ស្តាំ២លើក ប្រជែងគ្រោះថ្នាក់១លើក បត់គ្រោះថ្នាក់១លើក និងកត្តាយានយន្ត២លើក និងកត្តាអាកាសធាតុ១លើក។

សូមជម្រាបថា របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត ចូលគោលដៅមានចំនួន២៤,២១០គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៥៩​​ភាគរយ។ យានយន្ត ៤,៤៧៩គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះមានម៉ូតូ៦២ភាគរយ។ របាយការណ៍បន្តថា យានយន្ត១,៨៥៥គ្រឿង ស្មើ៤១ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៦២៤គ្រឿង​ ត្រូវបានផាកពិន័យ៕