(ភ្នំពេញ)៖ លោក William A. Heidt ដែលទើបនិងមកកាន់តំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងប្តេជ្ញានៅចំពោះអាជ្ញាធរ និងសិស្សនៅក្នុងខេត្តពោធិ៍សាត់ថា លោកនឹងខិតខំកៀងគរ បញ្ចុះបញ្ចូលអ្នកវិនិយោគអាមេរិក ឲ្យបណ្តាក់ទុនរកស៊ី នៅ កម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ផងដែរ។

លោក William A. Heidt បានបញ្ជាក់យ៉ាងដូច្នេះ នៅចំពោះមុខ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណ៨០០នាក់ ក្នុងវិទ្យាល័យពោធិ៍សាត់ នាសប្តាហ៍ កន្លងទៅនេះ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា អាមេរិក គឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ហើយលោកនឹងបញ្ចុះបញ្ចូលវិនិយោគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ជាពិសេសខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗរបស់អាមេរិកតិចតួចនៅឡើយកំពុងវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា «យើងនឹងពន្យល់វិនិយោគិនអាមេរិក អំពីគោលការណ៍រកស៊ីនៅកម្ពុជាថា តើមានលក្ខណៈដូចម្តេចខ្លះ ដើម្បីឲ្យពួកគេមកវិនិយោគនៅកម្ពុជា»

លោក William A. Heidt ត្រូវបានគេមើលឃើញថា ជាឯកអគ្គរដ្ឋទូតអាមេរិក ហាក់មានទស្សនវិជ្ជមានច្រើន ចំពោះកម្ពុជា ផ្ទុយពី ឯកអគ្គរដ្ឋទូតអាមេរិកកន្លងទៅ ដែលតែងមានភាពរកាំរកួសជាមួយមន្រ្តីរាជរដ្ឋាភិបាល។ តាមរយៈបេសកកម្មការទូតរបស់លោក  William A. Heidt គេរំពឹងថា ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងវិវឌ្ឍទៅរកភាពល្អប្រសើរមួយកម្រិតទៀត៕