(ភ្នំពេញ)៖ ប្រុសស្រីពីរនាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទ ប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការកាប់លើមន្ត្រីអគ្គិសនីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅពេលមន្ត្រី អគ្គិសនីរូបនោះ ទៅពិនិត្យកុងទ័រភ្លើង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ នៅចំណុចផ្ទះល្វែងមួយកន្លែងស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ការសម្រេចឃុំខ្លួនប្រុសស្រីទាំងពីរខាងនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញ។

ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីអគ្គិសនីកម្ពុជា បច្ចុប្បន្នស្នាក់នៅសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន និងមានស្រុកកំណើត នៅខេត្តតាកែវ។ ដោយឡែកប្រុសស្រីទាំងពីរនាក់ ទី-ឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះ យ៉ាន ស៊ី ភេទស្រី អាយុ៣៣ឆ្នាំ។

សូមជម្រាបថា មន្រ្តីអគ្គិសនីម្នាក់បានរងរបួស ក្រោយពីត្រូវស្រ្តីជាម្ចាស់ផ្ទះ និងប្អូនប្រុស កាប់នឹងដាវសាំម៉ូរៃ ខណៈដែលជនរងគ្រោះ និងក្រុមការងារ បានចុះទៅពិនិត្យកុងទ័រភ្លើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈដែលជនរងគ្រោះចុះ ទៅពិនិត្យកុងទ័រភ្លើង នៅផ្ទះខាងលើនោះស្រាប់តែស្រ្តីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្រ្តីអគ្គិសនីពុករលួយ ពេលនោះ ជនរងគ្រោះមិនបានតមាត់ តសំដីនោះឡើយ ពោលបានដើរចេញ។ ពេលនោះស្រ្តី ជាម្ចាស់ផ្ទះ និងប្អូនប្រុសបានជិះម៉ូតូប្រដាប់ដោយ ដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសតែម្តង។ ក្រោយកើតហេតុកម្លាំង នគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់យកទៅសួរនាំដើម្បីចាត់វិធានការ តាមនីតិវិធី៕