(ភ្នំពេញ)៖ ថវិកាប្រមាណ ៨០០លានរៀលបានពីការលក់លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 5» ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមនុស្សធម៌ព្យាបាលដោយមិនយកថ្លៃនោះ។

ថវិកានេះត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន យកប្រគល់ជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ និងបានស្នើឱ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរឡើងថែមទៀត និងអាចរកណូលជូនរដ្ឋបានកាន់តែច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ជាប្រភពចំណូលថ្មីមួយទៀត។ លោកបានឱ្យដឹងថា ចំណូលពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 5» ដែលទទួលបានទឹកប្រាក់ចំនួន ៨០០,៤៨០,០០០រៀល ជាប្រវត្តិសាស្ត្រមួយដែលប្រភេទ លេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៥ខែចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ចុងខែឧសភា ឆ្នាំ២០២០ ក្រសួងសារធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ១,៤៣២ផ្លាក បានថវិកាប្រមាណ ១៦ពាន់លានរៀល ស្មើនឹងប្រមាណ ៤លានដុល្លារអាមេរិក៕