(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានជួបផ្តល់ដំបូន្មាន និងបង្ហាញនូវការងារទំនាក់ទំនង អន្តរជាតិមួយចំនួន ដល់និស្សិតកម្ពុជា ១៧រូប ដែលទទួលបាន អាហារូបករណ៍ចេញទៅសិក្សា នៅប្រទេសញូវហ្សេឡែន។

ក្នុងជំនួបធ្វើឡើង នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសំដែងការអបអរសាទរ និងស្វាគមន៍ ចំពោះនិស្សិតអាហារូបករណ៍ ទាំងអស់។ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយ ក្នុងអាទិភាពទាំង៤ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដូចនេះការចេញទៅសិក្សា នៅក្រៅប្រទេសរបស់យុវជន នឹងរួមចំណែកដ៏សំខាន់ ក្នុងការកសាងប្រទេស។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាទំនាក់ទំនងអន្តរជាតិ រវាងប្រទេសកម្ពុជា និងញូវហ្សេឡែន និងរវាងប្រទេសញូវហ្សេឡែន ជាមួយប្រទេសអាស៊ានផងដែរ។

ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីទំនាក់ទំនង ដ៏ល្អរវាងកម្ពុជា-ញូវហ្សេឡែន ពិសេស គឺជំនួយរបស់ញូវហ្សេឡែន លើផ្នែកអភិរក្សអង្គរ កសិកម្ម កម្ចាត់មីន តុលាការខ្មែរក្រហម និងការបណ្តុះបណ្តាលធន ធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន-ញូវហ្សេឡែន។

ប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់ពីការជួយឧបត្ថម្ភ របស់ញូវហ្សេឡែន ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន (IAI) ដែលមានប្រយោជន៍ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស របស់ប្រទេសសមាជិកថ្មី របស់អាស៊ាន ហើយនិងការលុបបំបាត់គម្លាត រវាងប្រទេសសមាជិកចាស់ និងប្រទេសសមាជិកថ្មី របស់អាស៊ាន។

លោក ហោ ណាំហុង បានផ្តាំផ្ញើ ដល់និស្សិតទាំងអស់ យកចិត្តទុកដាក់ផ្សព្វផ្សាយពីសមិទ្ធផល និងសភាពការណ៍នៅកម្ពុជា ជូនសហ-គមន៍ខ្មែរ នៅញូវហ្សេឡែន និងនិស្សិតបរទេស។ ខិតខំរៀនសូត្រដើម្បីត្រលប់មកវិញ ចូលរួមអភិវឌ្ឍប្រទេសជាតិ តាមវិស័យផ្សេងៗគ្នា ក្នុងស្ថាប័នរដ្ឋ ក្នុងផ្នែកឯកជន ។ល។៕