(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ (CNRP) នឹងបន្តរៀបចំឯកសាររត់ការដំឡើង អង់តែនទូរទស្សន៍របស់ខ្លួន នៅក្នុងជំហានបន្តទៀត បន្ទាប់ពីទទួលបានប្លង់កម្មសិទ្ធិដីមួយកន្លែង ទំហំជាង១ពាន់ម៉ែត្រការ៉េ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសង់ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ។

លោក តុក វ៉ានចាន់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ  ទទួលបន្ទុកកិច្ចការទូរទស្សន៍ព្រះអាទិត្យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះថា មន្ទីរសុរិយោដីខេត្តកណ្តាល ពេលនេះ បានទទួលស្គាល់ និងផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនគណបក្សសង្រ្គោះជាតិហើយ ដោយពេលនេះលោកកំពុងរៀបចំបង់ពន្ធ សម្រាប់ការផ្ទេរប្លង់នេះ។
លោកថា «ជាធម្មតានៅពេលដែលធ្លាក់មកដល់ការបង់ពន្ធហើយ ដីហ្នឹងគឺអស់បញ្ហា គេទទួលស្គាល់ការផ្ទេរសិទ្ធិកាន់កាប់បានហើយ ឱ្យម្ចាស់ថ្មីហ្នឹងយកលុយទៅបង់ពន្ធប្រថាប់ត្រាទៅ ហើយនៅពេលដែលបង់ពន្ធប្រដាប់ត្រារួចគេធ្វើប្លង់រឹងឱ្យយើងហើយ»

លោក តុក វ៉ានចាន់ បានបន្ថែមថា «ក្រោយពីយើងបានប្លង់ដីដែលជារបស់យើង ទទួលបានការផ្ទេរសិទ្ធិកាន់កាប់មកឈ្មោះយើងហើយ យើងនឹងចាប់ផ្តើមធ្វើអង់តែននៅលើដីរបស់យើងហ្នឹង ការយឺតយ៉ាវអាចថាមកពីយើងត្រូវការសង់អង់តែនលើដីមួយដុំដែលត្រូវតាមច្បាប់ ហើយយើងនឹងសុំច្បាប់ទៅអាជ្ញាធរដែនដីដើម្បីសង់អង់តែននេះ»

ទូរទស្សន៍របស់បក្សប្រឆាំង ដែលនឹងមានជាលើកទី១ នៅកម្ពុជា ត្រូវបានលោក សម រង្ស៊ី អះអាងថា នឹងត្រូវការដើមទុនតិចបំផុត ៣លានដុល្លារ ដើម្បីដំណើរការនៅកម្ពុជា។ តាមគម្រោងកន្លងមក ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ធ្លាប់បានប្រកាសថា នឹងដាក់ឱ្យដំណើរការទូរទស្សន៍នេះនៅដើមឆ្នាំ២០១៦នេះតែម្តង៕