(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចេញសេចក្តីសម្រេចមួយប្រគល់ភារកិច្ច​ជូនលោក ភុន សម្ពស្ស អភិបាលរងស្រុកពាមរក៍ ជាអភិបាលស្តីទី ជំនួសលោក ជុំ សាមឿន អតីតអភិបាលដែលត្រូវបានតុលាការ​ឃុំខ្លួនដាក់ពន្ធនាគារ រឿងបើករថយន្តបុកមនុស្សស្លាប់។ នេះបើយោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តព្រៃវែង ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ពោលក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ ដែលត្រូវបានអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៩ ខែមករា នេះ ។

​ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់ថា លោកអតីតអភិបាលស្រុកពាមរក៍ ជុំ សាមឿន ត្រូវបានតុលាការចេញដីកា​ឃុំខ្លួនដាក់ពន្ធនាគារ​ហើយ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ពាក់ព័ន្ធករណី​បើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា អភិបាលស្រុករូបនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ក្រោយបើករថយន្តបុក​អ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ កាលពីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅ។

បើតាមលោកស្នងការខេត្តព្រៃវែង មុនពេលកើតហេតុ លោក ជុំ សាមឿន បានបើករថយន្តម៉ាក Lexus RX-300 ពាក់ស្លាកលេខ 2Q-5048 ពីត្បូងទៅជើង ពេលនោះជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូមកពីមុខ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលស្លាប់ភ្លាមៗតែម្តង ។ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំការដោះស្រាយ ខណ:សពជនរងគ្រោះ ត្រូវបានប្រគល់ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី។

សម្រាប់ករណីនេះ ក្រោយកើតហេតុភ្លាមគេសង្កេតឃើញ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចុះទៅជួយអន្តរាគមន៍ និងបញ្ជាឲ្យចាប់ខ្លួនអភិបាលស្រុក យកទៅចាត់ការតាមផ្លូវច្បាប់ ហើយជួយឧបត្ថម្ភដល់ក្រុមគ្រួសារសព​ទៀតផង ៕