(ភ្នំពេញ)៖ ពិធីបុណ្យស្រូវអង្ករកម្ពុជា២០១៦ នឹងរៀបចំធ្វើនៅថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ចាប់ពីវេលាម៉ោង១ ដល់ម៉ោង៥រសៀល នៅសណ្ឋាគារសុខាភ្នំពេញ។ វេទិកាស្រូវអង្ករលើកទី៥នេះ  នឹងផ្តល់ជូនដល់អ្នកចូលរួម នូវអត្ថប្រយោជន៍ជាច្រើន ដើម្បីជំរុញពាណិជ្ជកម្ម ស្រូវអង្ករឲ្យកាន់តែរីចម្រើនថែមទៀត។

បើតាមសេចក្តីប្រកាសរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធីសំខាន់ៗដែលក្នុងរៀបចំក្នុងវេទិកាស្រូវអង្ករនេះរួមមាន៖

-ផ្តល់ឱកាសជួបជាមួយអ្នកជំនាញ និងអ្នករកស៊ីស្រូវអង្ករជាតិ និងអន្តរជាតិ

-ចូលរួមទស្សនាកម្មវិធីប្រកួតស្រូវអង្ករប្រចាំនៅប្រទេសកម្ពុជា

-ទស្សនាការសម្តែងសិល្បៈ និងរបាំជាច្រើនប្រភេទទាក់ទងទៅនឹងវិស័យស្រូវអង្ករ

-ចូលរួមប្រកួតមុខម្ហូប ដែលផលិតចេញពីអង្ករ ដោយសមាគមចុងភៅ

-ភ្លក្សមុខម្ហូបខ្មែរជាច្រើនប្រភេទ ដោយសេរី និងដោយឥតគិតថ្លៃ

-ចូលរួមទស្សនាការតាំងបង្ហាញអំពីខ្សែសង្វាក់ ផលិតផលស្រូវអង្ករទាំងមូល

-ឱកាសទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗ ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា

វេទិកាស្រូវអង្ករកម្ពុជាលើកទី៥ជាផ្លូវការ គ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី២៤ ២៥ និង២៦ ខែមករាខាងមុខនេះ នឹងមានការអញ្ចើញចូលរួម ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករទាំងអស់ ដូចជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុន នាំចេញអង្ករ សហគមន៍កសិករ ក្រុមហ៊ុនដឹកជញ្ចូន តំណាងក្រសួងពាក់ព័ន្ធ និងតំណាងដៃគូអន្តរជាតិ។

វេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ធ្វើឡើង ដើម្បីពិភាក្សាពីបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនង ជាមួយនឹងការធ្វើពាណិជ្ជកម្មអង្ករ ទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្ត សម្រាប់វិស័យស្រូវអង្ករទាំងមូល៕