(កណ្តាល)៖ ក្រៅតែពីមានតួនាទីដឹកនាំ និងគ្រប់គ្រងនៅក្រសួងសាធារណការ និងដឹកជញ្ជូនហើយនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ត្រូវបានរាជរដ្ឋាភិបាល ប្រគល់តួនាទីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំផងដែរ។ ក្នុងតួនាទីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចចម្បងក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានស្រុកកោះធំ ដោះស្រាយបញ្ហា និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំផងដែរ។

ស្ទើរតែរាងរាល់ចុងសប្តាហ៍លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែដឹកនាំក្រុមការងាររបស់លោកចុះទៅដល់ស្រុកកោះធំ ហើយធ្វើដំណើរតាមភូមិឋានរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីបញ្ហា និងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីដែលទទួលបានការកោតសរសើរច្រើនលើស្នាដៃការងារដឹកនាំ និងគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូនោះ បន្តដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ដូចនឹងសប្តាហ៍កន្លងទៅដែរ ដំណើរចុះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាននេះ លោក ស៊ុន ចាន់ថុល និងមន្ត្រីរបស់ខ្លួន បានជ្រើសយកកង់ជាមធ្យោបាយជិះនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ។ ពេលជិះកង់នៅតាមភូមិលោករដ្ឋមន្ត្រី ដែលជាអ្នកមានកំណើតនៅស្រុកកោះធំដែរនោះ តែងទទួលបានការស្វាគមន៍ដោយក្តីរួសរាយរាក់ទាក់ពីប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ការជិះកង់ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល ដែលបង្កើតបានជាការភ្ជាប់ទំនាក់ទំនងយ៉ាងល្អរវាងមន្ត្រីជាមួយនឹងប្រជាពលរដ្ឋ។ លោកបន្ថែមថា ការជិះកង់គ្រប់ច្រកល្ហកនេះ ក៏បានធ្វើឱ្យរូបលោក និងមន្ត្រី បានពិនិត្យឃើញច្បាស់ផងដែរ ពីស្ថានភាពរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ។

ក្រៅតែពីការសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមលំនៅឋានហើយនោះ ដំណើរចុះមូលដ្ឋានរបស់លោក ស៊ុន ចាន់ថុល ក៏មានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយមួយចំនួនដល់ប្រជាពលរដ្ឋផងដែរ។ ក្នុងជំនួបសំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញប្រជាពលរដ្ឋ ពីកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងបម្រើជាតិរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីផលលំបាកមួយចំនួនរបស់ជាតិ ដែលបង្កឡើងដោយជំងឺកូវីដ១៩។ លោក ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ បានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការដោះស្រាយនូវវិបត្តិទាំងឡាយបង្កដោយជំងឺមួយនេះ។

លោក ស៊ុន ចាន់ថុល បានស្នើដល់ប្រជាពលរដ្ឋចំពោះផលលំបាកទាំងឡាយបង្កឡើងដោយមេរោគមួយនេះ។ តែទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីធានាដល់ការរស់រៀនរបស់ប្រជាពលរដ្ឋ និងនាំប្រទេសជាតិឆ្លងកាត់នូវឧបសគ្គដ៏លំបាកនេះ។

លោក ស៊ុន ចាន់ថុល ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព និងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលជំងឺកូវីដ១៩។ លោកបានលើកឡើងថា មិនត្រូវមើលស្រាលជំងឺឆ្លងសាកលមួយនេះបានឡើយ ដ្បិតអីជំងឺកូវីដ១៩មិនទាន់រលាយបាត់ពីភពផែនដីនៅឡើយទេ។

លោករដ្ឋមន្ត្រី រំលឹកពលរដ្ឋបន្តថែទាំសុខភាពដោយអនុវត្តន៍តាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។

ជាមួយការចុះសួរសុខទុក្ខនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ នៅភូមិទាំង២០ ស្ថិតក្នុងឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ស្រុកកោះធំផងដែរ។

លោក ស៊ុន ចាន់ថុល បានហៅសកម្មភាពរបស់ខ្លួនជាមួយនឹងមន្ត្រីនៅតាមមូលដ្ឋាននេះថា ជាការផ្សារភ្ជាប់ជីវិតជាមួយប្រជាពលរដ្ឋ។ លោកបានលើកឡើងថា ក្នុងនាមជាមន្ត្រីដែលមានភារកិច្ចបម្រើជាតិ និងប្រជាជន ការចុះឱ្យដល់មូលដ្ឋានជាការជួយឱ្យមើលឃើញបានជាក់ពីទុក្ខកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕