(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានក្រើនរំឮកទៅដល់ចៅសង្កាត់ទាំង៥សង្កាត់ និងការិយាល័យជំនាញ មន្រ្តីជំនាញ ត្រូវចុះពិនិត្យកាយសំរាមនៅតាមប្រព័ន្ធលូ និងអណ្ដូងលូ ឱ្យបានជាប់ជាប្រចាំ កុំចាំដល់មេឃភ្លៀងធ្លាក់ស្ទះលូ ទើបចុះមើលនោះ សូមឱ្យបងប្អូនប្រជាជន និងម្ចាស់អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ នីមួយៗចូលរួម ទើបទទួលបានជោគជ័យ ហើយម៉្យាងទៀត លូមិនស្ទះ គឺផ្ដើមចេញពីយើងទាំងអស់គ្នា។

ការក្រើនរំឮកបែបនេះ របស់លោកអភិបាលខណ្ឌចំការមន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសលោកបានដឹកនាំកម្លាំងមន្រ្តីជំនាញ និងលោកចៅសង្កាត់ ចុះពិនិត្យមើលប្រព័ន្ធលូ និងអណ្ដូងលូ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌ។

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានថ្លែងថា ប្រព័ន្ធបណ្តាញលូ អណ្ដូងលូ មានអស់ហើយ នៅឡើយតែការចូលរួមមើលថែទាំ ឬថែរក្សាពីសំណាក់បងប្អូនប្រជាជនយើងទាំងអស់គ្នា ក្នុងការវេចខ្ចប់ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឱ្យបានល្អតែប៉ុណ្ណោះ ព្រោះពេលនេះរដូវវស្សាឈានចូលមកកដល់ហើយ។

លោក ថេង សុថុល បានបន្តថា សព្វថ្ងៃនេះអាជ្ញាធរមានការគិតគូរ និងព្រួយបារម្ភបំផុត នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ ដោយនាពេលនេះ គឺជារដូវវស្សាឈានចូលមកដល់ហើយ ចឹងនឹងមានភ្លៀងធ្លាក់មកយ៉ាងជោកជាំ អាចបណ្តាលឱ្យទឹកហូរមិនទាន់នៅលើដងមហាវិថី និងដងផ្លូវនានាព្រមទាំងមានការហូរចូលលំនៅស្ថានប្រជាជនដោយអន្លើរៗនៅកន្លែងទីវាលទំនាបខ្លះៗ។

អភិបាលខណ្ឌចំការមនរូបនេះ បានបញ្ជាក់ថា ដូចនេះ ដើម្បីបញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងនាររដូវវស្សានោះ អាជ្ញាធរមូលដ្ឋាន គួរគប្បីដោះស្បែកជើងប៊ូ មូរដៃអាវ លាត់ជើងខោ ឬមូជើងខោ ដោយចុះកាយសំរាម ឬកាកសំណល់នៅតាមមាត់លូ ឬអណ្ដូងលូចេញ ដើម្បីបើកមុខទឹកហូរធ្លាក់ចូលអណ្ដូងលូ, ប្រព័ន្ឌលូបានលឿន ដើម្បីបញ្ចៀសរាល់ការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ពោលគឺក្រោយភ្លៀងធ្លាក់ ទឹកភ្លៀងហូរធ្លាក់ចូលប្រព័ន្ធលូអស់ គឺគ្មានទឹកដក់នៅលើផ្លូវ ឬនៅតាមលំនៅស្ថានប្រជាជនទៀតឡើយ។ ការងារនេះអាជ្ញាធរសង្កាត់ បន្តចុះធ្វើជាប្រចាំឱ្យដូចភ្លៀងរលឹមមិនគិតថាថ្ងៃឈប់សម្រាក់ការងារនាចុងសប្ដាហ៍ឡើយ៕