(ភ្នំពេញ)៖ ការពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីព របស់គណៈកម្មការចំពោះកិច្ចនៃរដ្ឋសភា ទៅតាមសំណើរបស់ក្រុមសហជីព បានបិទបញ្ចប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ដោយមិនមានការបញ្ចូលសំណើរបស់និយោជក កាលពីម្សិលមិញនោះទេ។

លោក សុខ ឥសាន សមាជិកគណៈកម្មការចំពោះកិច្ច មកពីគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថាការពិភាក្សានេះ មានចំនួន២១ចំណុច ក្នុងមាត្រាចំនួន១២មាត្រា នៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដែលស្នើដោយសហជីពកន្លងមក។

លោកថា «រាល់សំណើរបស់សហជីពយើងបានសម្រេចហើយ ប៉ុន្តែយើងមិនមានសិទ្ធិអ្វីដើម្បីនឹងគូសវាសថាជាការអត្តនោម័តរបស់គណៈកម្មការចំពោះកិច្ចទេ គឺបញ្ហាមួយចំនួន យើងនឹងស្នើសុំការបំភ្លឺពីក្រសួងដែលជាតំណាងរាជរដ្ឋាភិបាល ដើម្បីបំភ្លឹឱ្យច្បាស់ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យច្បាប់នេះមានការធានាផលប្រយោជន៍កម្មករ និយោជិត និងនិយោជកផង»

កាលពីម្សិលមិញ តំណាងថៅកែរោងចក្រ បានជួបជាមួយគណៈកម្មការចំពោះកិច្ចនេះ ហើយស្នើឲ្យកែប្រែលក្ខខណ្ឌ ៧ចំណុចបន្ថែមទៀតលើសេចក្ដីព្រាងច្បាប់ស្តីពីសហជីព ដែលពួកគេអះអាងថា ផលប៉ះពាល់លើទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសការធ្វើកូដកម្មមិនស្របច្បាប់។ លក្ខខណ្ឌទាំង៧ចំណុចនោះ រួមមានៈ មាត្រាទី១០​, មាត្រាទី១៣, មាត្រាទី១៧, មាត្រា ទី១៩, មាត្រា ទី២០, មាត្រា៥៤ និងមាត្រា៧៧។

លោក សុន ឆ័យ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនេះ បាននិយាយថា សំណើរបស់និយោជកសុទ្ធ​តែត្រូវបានរាជរដ្ឋាភិបាលថ្លឹងថ្លែង​សមរម្យរួចទៅហើយ ដូច្នេះមិនត្រូវបានបញ្ចូលក្នុងការពិភាក្សានោះទេ។

លោកថា «យើងមិនបានពិភាក្សាអំពីសំណើរបស់នយោជកទេ ព្រោះយើងយល់ថាសំខាន់​គឺការសម្រួល អ្វីដែលមាននៅក្នុងច្បាប់ដែលស្នើដោយរាជរដ្ឋាភិបាល ដែលលោកបានថ្លឹងថ្លែង​អស់ហើយនូវចំណុចដែលពាក់ព័ន្ធ​នឹងសំណើរបស់និយោជក»

លោកថា ច្បាប់ដែលរាជរដ្ឋាភិបាលបានធ្វើនេះ គឺមានការពិគ្រោះជាមួយ ILO ហើយភាគច្រើនជួយសម្រួល់ដល់​ភាគីខាងនិយោជក​ដែលជាអ្នកវិនិយោគ។ ទោះជាយ៉ាងនេះក្តី គណៈកម្មការចំពោះកិច្ច ដែលបង្កើតឡើង​ដោយគណបក្សទាំងពីរ អះអាងថា នឹងបញ្ចូនយោបល់និងការកែសម្រួលរបស់ពួកគេទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិចារណា និងធ្វើទៅតាមនីតិវិធីបន្តទៀត ហើយជំរុញឱ្យមានការបើក​ទូលាយ​ក្នុងការធ្វើសិក្ខាសាលា​ពិគ្រោះយោបល់​បន្ថែមទៀតពី​ភាគីពាក់ព័ន្ធ៕