(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ក្នុងការផ្តល់កម្ចីសម្រាប់គ្រឹះស្ថានសិក្សាឯកជន អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។
ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព។
ក្នុងការរៀបចំឥណទានឡើងវិញនេះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាឲ្យពិភាក្សាធ្វើការងារនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ធនាគារជាតិនៃកម្ពុជា គួរពិភាក្សាជាមួយនឹងធនាគារឯកជន ហើយខ្ញុំចារឲ្យ អូន ព័ន្ធមុនីរ័ត្នផង ហង់ ជួនណារ៉ុនផង ជា ចាត់តូផង គឺការរៀបចំឥណទានធនាគារឡើងវិញ។ យើងបានរៀបចំឥណទានឡើងវិញ ជូនប្រជាពលរដ្ឋដូចជាប្រមាណជាង ១០ម៉ឺនគ្រួសារ ប៉ុន្តែសុំឲ្យពិនិត្យការរៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជនផង»។
សម្តេចបានថ្លែងថា ការរៀបចំឥណទានឡើងវិញនេះ គេអាចរៀបចំទៅតាមករណីជាក់ស្តែង។ សម្តេចលើកឧទាហរណ៍ថា បើម្ចាស់គ្រឹះស្ថានសិក្សាឯកជនមានអគារ និងដីធ្លី ៥លានដុល្លារអាមេរិក ហើយធ្លាប់ខ្ចីធនាគារបាន ៥០ម៉ឺនដុល្លារអាមេរិក ត្រូវតែពង្រីកទំហំនៃចំនួន ដែលអាចខ្ចីបានរហូតដល់៨០ម៉ឺនដុល្លារអាមេរិកវិញ។
«ខ្ញុំគិតថា បញ្ហានេះធនគារអាចធ្វើទៅរួច»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់អគារគ្រឹះស្ថានសិក្សាឯកជន សុំឲ្យបញ្ចុះថ្លៃឈ្នួលអគារដល់អ្នកជួលអគាររបស់ខ្លួន ដោយការយោគយល់ និងទន់ភ្លន់ផងដែរ។
ទន្ទឹមនឹងការអំពាវនាវខាងលើ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងគាំទ្រឲ្យធនាគាររឹបអូសអចលនទ្រព្យកូនបំណុលទាំងឡាយណា ដែលធ្វើតាមការអំពាវនាវរបស់ក្រុមប្រឆាំងក្រៅប្រទេស ដោយមិនទៅបង់ការប្រាក់ជូនធនាគារ៕