(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបោះទុននូវទឹកប្រាក់១០០លានដុល្លារអាមេរិក ទៅទីជនបទ ដើម្បីសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងផ្តល់នូវការងារជូនប្រជាពលរដ្ឋនៅទីជនបទ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្តល់ជូនឲ្យប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ដើម្បីយកទឹកទៅស្រោចស្រព្វ គាត់អាចនាំគ្នាជីកស្រះ ឬអ្វីៗផ្សេង ដែលផលប្រយោជន៍បាន ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ទាំងឡាយបានមកដល់ ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើងផង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបោះទុន១០០លានដុល្លារទៅដល់ទីជបទនេះ មិនមែនជាការចិញ្ចឹមរបស់រដ្ឋ ដល់ប្រជាពលរដ្ឋនោះទេ តែគឺជាជំនួយសង្គម ដែលនឹងជួយបង្កើតការងារនៅទីជនបទ និងការបាត់បង់ការងារនៅទីក្រុង។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋ កុំឱ្យផ្តេកផ្តួលជាមួយការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវប្រឹងប្រែងរកការងារធ្វើបន្ថែម ដូចជាការដាំដុះធ្វើកសិកម្មជាដើម លើកលែងតែកុមារ និងមនុស្សចាស់ប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋ មើលឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិរបស់ជាតិ និងប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនមែនដូចប្រទេសគេ តែរាជរដ្ឋាភិបាលមានមាយាទ ក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋ ព្រមទាំងចាត់ចែងថវិកា។ ដូច្នេះរាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា «គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២» ដែលមានទឹកប្រាក់១០០លានដុល្លារត្រូវបានប្រកាសជាផ្លូវការ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
«គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» មានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើងតាមរយៈ៖
១៖ ការបង្កើតឱកាសការងាររយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដ៏ទៃទៀតផងដែរ
២៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន៖ ផ្លូវលំ, ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹក ចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាប ឲ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម៕