(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា   លោក William Heidt បានជួបពិភាក្សាគ្នាពីការធ្វើឲ្យប្រសើរនូវគម្រោងថែទាំងកុមារតាមមណ្ឌល ធ្វើឲ្យយ៉ាងណាកុំឲ្យកុមាររងគ្រោះ ពីការកេងប្រវញ្ច និងអាចទទួលបានភាពកក់ក្តៅពីអាណាព្យាបាល។

កិច្ចពិភាក្សាត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច។ លោក William Heidt បាន មានថ្លែងថា គម្រោងនេះ ត្រូវបានសិក្សា និងចំណាយពេលអស់រយៈពេល ១៤ខែមកហើយ។ លោក William Heidt ចង់ឲ្យធ្វើសមា ហរណកម្មកុមារកម្ពុជានៅក្នុងមណ្ឌលថែទាំកុមារ ឲ្យបានទៅជួបជុំគ្រួសារ និងជាអ្នកថែទាំវិញ។

បើតាមលោក William Heidt គម្រោងធ្វើសមាហរណកម្មកុមាកម្ពុជា ពីតាមមណ្ឌលនេះ ត្រូវបានពិភាក្សាផ្ដោតសំខាន់ទៅលើការ ពង្រឹងប្រព័ន្ធសុខុមាលភាពរបស់កុមារឲ្យបានប្រសើជាងមុន និង គោលនយោបាយ នៃការចិញ្ចឹម ព្រមទាំងថវិកា ដែលត្រូវចំណាយ  ដើម្បីជួយថែទាំកុមារ។

លោក វង សូត បានថ្លែងតបថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំការគ្រប់គ្រងមណ្ឌល ដោយកែសម្រួលការទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំនៅក្នុងក្រសួងឲ្យស្របតាមការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្ដូរតួនាទីមន្ត្រីមួយចំនួនផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «យើងខ្ញុំកំពុងរៀបចំការដឹកនាំឡើងវិញ ដើម្បីធានាភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍន៍ និងអង្គការផ្សេងៗ ធ្វើយ៉ាងណាឲ្យការងារនេះ ដំណើរការទៅដោយរលូនទាក់ទងការគ្រប់គ្រងមណ្ឌល ដែលស្របច្បាប់  និងមិនស្របច្បាប់ បន្ទាប់ពីនោះបានយើងឈានទៅដល់កិច្ចការលំអិតជាក់ស្ដែងតាមផែនការរបស់យើងក្នុងការកាត់បន្ថយក្មេងនៅ ក្នុងមណ្ឌលដោយមិនចាំបាច់រស់នៅក្នុងមណ្ឌលទៀត ឲ្យពួកគេរស់នៅតាមសហគមន៍វិញ»