(ភ្នំពេញ)៖ «បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និងកម្ពុជាយើង។ គ្រូពេទ្យបានកំណត់ច្បាស់ថា សុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណាមួយដែលត្រូវបារម្ភនោះទេ»។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ Facebook របស់សម្តេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរេសរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ របស់បងប្អូនមកលើសុខភាពរបស់ខ្ញុំ។ បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និងកម្ពុជាយើង។ គ្រូពេទ្យបានកំណត់ច្បាស់ថា សុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណាមួយដែលត្រូវបារម្ភនោះទេ។
គ្រូពេទ្យសប្បាយចិត្តដោយឃើញខ្ញុំឈប់ជក់បារី ដែលជាផ្នែកមួយនៃភាពប្រសើរ នៃសុខភាពរបស់ខ្ញុំ។ ក្រុមគ្រូពេទ្យបង្ហាញនូវការ រីករាយដោយឃើញកម្លាំងដៃកម្លាំងជើងខ្ញុំនៅខ្លាំងក្នុងឋានះជាកីឡាករវាយកូនគោល។

គ្រូពេទ្យស្នើឱ្យខ្ញុំបន្ថែមការហាត់ប្រាណដោយការហែលទឹក តែខ្ញុំប្រាប់គាត់វិញថា ផ្ទះខ្ញុំអត់មានអាងហែលទឹកទេ។ ខ្ញុំប្រាប់គាត់ថា អាចបង្កើនពេលវាយកូនគោល ប្រសិនមានពេលតែខ្ញុំត្រូវសុំការអនុញ្ញាតិពីចៅៗ និងប្រពន្ឋខ្ញុំសិន ព្រោះចៅៗ ខ្ញុំមានពេលមករកជីតា តែថ្ងៃសំរាកពីការរៀនរបស់ពួកគេ ឯខ្ញុំក៏ត្រូវការជួបចៅៗដែរ។

សុខភាពល្អខ្ញុំ និងបន្តការពារសន្តិភាព និងជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បំរើដល់ជាតិនិងប្រជាជនយើងជាបន្តទៀត»៕