(ភ្នំពេញ)៖ លោក លុយ សុវណ្ណារ័ត្ន ជាអ្នករកស៊ីលក់ដូរគ្រឿងក្រអូប នៅក្នុងផ្សារដើមគរ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រពន្ធ និងកូនស្រី ជាទីស្រឡាញ់របស់គាត់ បានរងគ្រោះដោយសារទឹកអាស៊ីត ជាងមួយឆ្នាំហើយ តែនៅមិនទាន់ ទទួលបានយុត្តិធម៌ ពីតុលាការនៅឡើយទេ។ ការមិនទទួលបានយុត្តិធម៌នេះ ត្រូវបាន លោក សុវណ្ណា រ័ត្ន ប្រាប់ថា ដោយសារតែ ជនល្មើស នៅក្នុងករណីជះទឹកអាស៊ីត ទៅលើប្រពន្ធ និងកូនស្រី របស់លោក មានលុយ មានអំណាច និងមានឯកឧត្តមម្នាក់ ជាអ្នក ជួយជ្រោមជ្រែង នឹងអន្តរាគមន៍ពីខាងក្រោយខ្នង។

ដោយសារតែការរង់ចាំរយៈពេលជិតមួយឆ្នាំហើយ នៅតែមិនទាន់ទទួលបានភាពយុត្តិធម៌ នៅពេលនេះ លោក សុវណ្ណារ័ត្ន ដែលជា អ្នករកស៊ីលក់ដូរ គ្រឿងក្រអូបនៅផ្សារដើមគ សូមអំពាវនាវទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ឲ្យជួយអន្តរាគមន៍ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាពិសេសសូមសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៏ផ្ដល់យុត្តិធម៌។

លោក សុវណ្ណា រ័ត្ន បានប្រាប់ឲ្យដឹងថា ហេតុការណ៍ជះទឹកអាស៊ីតទៅលើប្រពន្ធ និងកូនស្រីរបស់លោកបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុង​ផ្សារ​ទម្លាប់ ក្នុង​ស្រុក​គីរីវង្ស ខេត្តតាកែវ ។ ​​បើតាមការអះអាងពីលោក សុវណ្ណា រ័ត្ន ជម្លោះ ដែលបង្កឡើងនេះ គឺដោយសារតែជនល្មើស ច្រណែនឈ្នានីស ក្នុងការមុខរបររកស៊ី។

ជនរងគ្រោះ​ឈ្មោះ មួង ស្រីមុំ អាយុ​៣១​ឆ្នាំ​រងរបួស​ធ្ងន់​នៅលើ​ផ្ទៃមុខ និង​ដងខ្លួន​ព្រមទាំង​បាន​រលូត​កូន​ក្នុងផ្ទៃ​អាយុ​២​ខែ​ផង​ដែរ និង​កូនស្រី​ឈ្មោះ​សុខ ម៉េត ម៉ូលីតា អាយុ​ទើប​តែ​អាយុ​២​ឆ្នាំ​ក៏​បាន​រងរបួស​នៅ​លើ​ផ្ទៃមុខ​តែ​មិន​ធ្ងន់ធ្ងរ​ទេ។

គួរបញ្ជាក់ថា កន្លងមក ​លោក លុយសុវណ្ណា រ័ត្នបាន រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ និង​អង្គការ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​ពួកគាត់​ជួយ​រកយុត្តិធម៌ ។ លោកបន្តថា« ភរិយា​ខ្ញុំ​គាត់​មាន​ការ​ឈឺចាប់​កាន់តែ​ខ្លាំង​នៅពេល​ដែល​ដឹង​ថា ជនដៃ​ដល់​ចាប់​មិន​បាន និង​ឪពុក​ម្តាយ​ជនសង្ស័យ​ត្រូវ​បាន​ដោះលែង​»។

បច្ចុប្បន្នប្រពន្ធ និងកូនស្រី របស់លោក សុវណ្ណារ័ត្ន នៅតែត្រូវការ ការព្យាបាលជាប្រចាំ ដើម្បីឲ្យបានធូរស្រាលជាងមុន។ លោកបន្តថា ការព្យាបាល ប្រចាំថ្ងៃ គឺមានការចំនាយច្រើន ដូចនេះលោកសូមអំពាវនាវឲ្យសប្បុរសធម៌ ជួយបរិច្ចាគជាថវិកា ក្នុងការជួយព្យាបាល ស្នាមរបួសប្រពន្ធ និងកូន របស់ខ្លួន៕