(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង នគរបាលចរាចរណ៍ នៃនាយកដ្ឋានធ្វើការចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ (អន្តរកាល) ផ្លូវគោក នៅតាមបណ្តាលផ្លូវជាតិលេខ៤ ដែលពិសេសផ្តោតសំខាន់ លើការកំណត់ល្បឿនរថយន្ត។

ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា នៅព្រឹកនេះកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈជិត២០នាក់ បានចុះពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅតាមបណ្តាលផ្លូវជាតិលេខ៤ ដោយដាក់នៅតាមគោលដៅសំខាន់ៗមួយចំនួន ដោយធ្វើការផ្តោតសំខាន់លើការពិនិត្យល្បឿន និងបាញ់ ល្បឿនយានយន្ត។

លោកបញ្ជាក់ទៀតថា នៅថ្ងៃបន្ទាប់ទៀតកម្លាំងនគរបាលរបស់លោក នឹងបន្តធ្វើការត្រួតពិនិត្យតាមផ្លូវជាតិសំខាន់ៗ ជាបន្តទៀតដូចជាផ្លូវជាតិលេខ៥ លេខ៦​ និងលេខ១។

គួរជម្រាបថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្កើតក្រុមការងារ៦ក្រុម ដើម្បីអនុវត្តច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក ដោយក្រុមនីមួយទទួលបានការងារផ្សេងៗគ្នា (សូមអានលិខិតទាំងស្រុង)៕

Advertising