(ភ្នំពេញ)៖ ក្រុមអាជីវករជាច្រើននាក់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានបន្តទៅស្រែកទាមទារ នៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ ដើម្បីឲ្យមានជួយអន្តរាគមន៍ ដោះលែងតំណាងរបស់ខ្លួន២នាក់ ក្រោយពេលដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ យកទៅឃុំខ្លួន នៅក្រសួងមហាផ្ទៃ ។ ក្រុមអាជីវករទាំងអស់ បានកាន់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសុំឲ្យលោកទាំង២ ជួយដោះស្រាយបញ្ហានេះផង ពីព្រោះរហូតមកដល់ពេលនេះ នគរបាលក្រសួង មហាផ្ទៃ មិនទាន់បានដោះលែង តំណាងរបស់ខ្លួនមកនៅឡើយទេ ។

ស្រ្តីអាជីវករម្នាក់ បានស្រែកប្រាប់អ្នកយកព័ត៌មាន នៅមុខតុលាការថាពួកគាត់ទាំងអស់ ចង់ឲ្យសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ដោះលែងតំណាងអាជីវករទាំង២នាក់ ក្រោយពីចាប់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថាជាមេដឹកនាំ ការតវ៉ា នាពេលកន្លងមក។

សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការចាប់ខ្លួនតំណាងក្រុមអាជីវករខាងលើនេះ បានកើតមានឡើង ដោយសារតែក្រុមអាជីវករ របស់ផ្សារ ងិន អាន ហៅផ្សារទំនប់ បាននាំគ្នាតវ៉ា ជាច្រើនលើកច្រើនសារ គោលបំណងជំទាស់មិនឲ្យក្រុមហ៊ុន Newrich មកគ្រប់គ្រង ផ្សារនោះឡើយ ដោយចង់រក្សារប្រធានចាស់ដដែលគឺលោក អ៊ូ សេដ្ឋានូ ពីព្រោះពេលក្រុមហ៊ុនមកគ្រប់គ្រងថ្មី គឺតម្រូងឲ្យពួកគាត់ ទិញតូបលក់ដូរ ដែលមានតម្លៃជិត១ម៉ឺនដុល្លារ ដែលពួកគាត់គ្មានលទ្ធភាព។

ជាមួយគ្នានេះក្រុមអាជីវករបានអះអាងថា ការចាប់ខ្លួនតំណាងរបស់ខ្លួន គឺសមត្ថកិច្ច មិនមានដីកាចាប់ខ្លួននោះឡើយ។កាលពីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ក្រុមអាជីវករទាំងនេះ ក៏បានទៅជួបជុំ នៅមុខក្រសួងមហាផ្ទៃ ដោយទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន តែនគរបាលមិនទាន់ ដោះលែងនោះឡើយ។

ក្រុមអាជីវករផ្សារ ងិន អាន ប្រកាសស្វែងរកអន្តរាគមន៍ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ ក្រោយសមត្ថកិច្ចចាប់ខ្លួន តំណាង២នាក់

Posted by Sheet on Tuesday, January 19, 2016

Advertising