(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោក George Edgar បានអំពាវនាវឲ្យថែរក្សាព្រៃឡង់ ក្រោយពីលោក សង្កេតឃើញថា ព្រៃនេះកំពុងរងនូវការកាប់ទន្ទ្រានយ៉ាងខ្លាំង។ ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចេញប្រតិបត្តិការ បង្រ្កាបបទល្មើសព្រៃឈើ និងបិទការនាំឈើ ទៅប្រទេសវៀតណាម។

នៅលើទំព័រ Facebook សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣-១៤ ខែមករា លោក George Edgar បានបំ ពេញទស្សនកិច្ច ទៅកាន់តំបន់ព្រៃឡង់ និងបានជួបជាមួយសមាជិក នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ដែលជាក្រុមអ្នកស្ម័គ្រចិត្តធ្វើការ ដើម្បីការពារព្រៃឈើ ពីការកាប់បំផ្លាញដោយខុសច្បាប់។

នៅក្នុងដំណើរទៅកាន់តំបន់ព្រៃឡើងនេះ លោក Edgar បានលើកឡើងថា «នេះគឺជាឱកាសអស្ចារ្យមួយសម្រាប់ខ្ញុំ ដែលបានមកឃើញ ដោយខ្លួនឯងផ្ទាល់ នូវតំបន់ព្រៃឈើ ដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា និងបានជួបជាមួយ បណ្តាញសហគមន៍ព្រៃឡង់ ដែលកំពុងធ្វើការយ៉ាងយកចិត្តទុកជាខ្លាំង ដើម្បីធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរ សម្រាប់តំបន់នេះ។ ក្នុងតំបន់ព្រៃឈើបៃតងដ៏ធំ ទូលាយនៃទំតំបន់វាលទំនាបព្រៃឡង់ ដែលជាព្រៃដ៏សំខាន់មួយ របស់ពិភពលោក»

លោក George Edgar បានបន្តថា ព្រៃឡង់ ជាផ្នែកមួយ ដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី។ ក្នុងតំបន់ បាត់បង់របស់ព្រៃនេះ នឹងមានផលប៉ះពាល់ជាច្រើន មិនត្រឹមតែមនុស្ស រស់នៅតំបន់នោះប៉ុណ្ណោះទេ ក៏ប៉ុន្ដែ វាក៏ប៉ះពាល់ដល់សហគមន៍ ដែលរស់នៅជុំវិញបឹង ទន្លេសាបផងដែរ ដែលជាផ្នែកមួយ នៃទីជម្រាល។ លោកឯកអគ្គរដ្ឋទូត ក៏បានសរសើរបណ្តាញសហគមន៍ព្រៃឡង់ ដែលកំពុងធ្វើ ការកាត់បន្ថយការកាប់ឈើខុសច្បាប់។

លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា «ក្នុងដំណើរទស្សនកិច្ចនេះ បញ្ជាក់ប្រាប់ខ្ញុំអំពីសារសំខាន់ នៃការចាត់វិធានការយ៉ាងឆាប់រហ័ស និងសមស្របពីសំណាក់អាជ្ញាធរថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ និងធានាថា គ្មានការបង្កើត ឬពង្រីកបន្ថែមនូវដីសម្បទានសេដ្ឋកិច្ច នៅក្នុងតំបន់ព្រៃឈើ ដ៏មានសារៈសំខាន់នេះទេ»

ព្រៃឡង់ លាតសន្ធឹង និងគ្របដណ្តប់លើខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ គឺជាជម្រករបស់សត្វ និងរុក្ខជាតិជាង១.០០០ប្រភេទ និងជាប្រភពចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់ប្រជាជនប្រមាណ ២៥០.០០០នាក់ ដែលរស់នៅជិតតំបន់នោះ និងជាទីជម្រាលទឹក សម្រាប់បឹងទន្លេសាប។

ជាការកត់សម្គាល់ការអំពាវនាវ របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានធ្វើឡើងនៅចំពេល ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញឈើទៅប្រទេសវៀតណាម។ នាយឧត្តមសេនីយ៍ សៅ សុ ខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយក៏ជាប្រធានគណៈកម្មការ បង្រ្កាបបទល្មើសព្រៃឈើ បាននិងកំពុងដឹកនាំកម្លាំងចុះបង្រ្កាប ការកាប់បំផ្លាញយ៉ាងរង្គាល នូវព្រៃឈើរបស់ខ្មែរ ដោយរកឃើញគំនរ ឈើជាច្រើននៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៕

Advertising