(ស្ទឹងត្រែង)៖ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចំរុះបានរកឃើញឈើជាច្រើនម៉ែត្រ ប៉ុន្តែមិនទាន់ពីចំនួននៅឡើយទេដោយមន្រ្តី ជំនាញកំពុងធ្វើការវាស់វែងនៅឡើយមិនទាន់ចប់នៅឡើយទេ។

យ៉ាងណាក៏ដោយ នៅពេលដែលកម្លាំងសមតម្ថកិច្ចចុះត្រួតពិនិត្យនោះ តំណាងរបស់ក្រុមហ៊ុន ទ្រី ភាព បានបង្ហាញលិខិតនិងឯកសារ ស្របច្បាប់ទាំងអស់ ដែលក្រុមហ៊ុនទទួលបានសិទ្ធិទិញ និងស្តុកឈើនៅក្នុងខេត្តមួយនេះពីរាជរដ្ឋាភិបាល។

ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅឃ្លាំងស្តុកឈើទី១ នាក្រុងស្ទឹងត្រែង កម្លាំងសមត្ថកិច្ចចំរុះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៌ សៅ សុខា ជាប្រធានគណ:កម្មការបង្ក្រាបបទល្មើសព្រៃឈើ របស់រាជរដ្ឋាភិបាលនោះបានបន្តប្រតិបត្តិការ របស់ខ្លួនបន្តទៅចុះឆែក ឃ្លាំងដ៏ធំមួយទៀត ស្ថិតនៅស្រុកសៀមប៉ាង ។

ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង ដែលតាមទៅយកព័ត៌មានផ្ទាល់ បានរាយការណ៌ថា ឈើជាច្រើនដុំត្រូវបានរកឃើញស្តុក ទុកនៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន តែតំណាងក្រុមហ៊ុនបានយកឯកសារ និងខិលិតស្នាមមកបង្ហាញដល់សមត្ថកិច្ចបញ្ជាក់ពីភាពស្របច្បាប់ របស់ខ្លួន ។

យោងតាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធាន ព្រមទាំងសមាជិក៨រូបទៀត ក្នុងនោះមានអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។

នៅវេលាម៉ោង ១២រសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច ចំរុះ កំពុងចូលឆែកឃ្លាំងស្តុកឈើទី២ របស់ក្រុមហ៊ុន ទ្រី ភាព នៅស្រុកសៀមប៉ាង ហើយតំណាងក្រុមហ៊ុន ក៏បានយកឯកសារពាក់ព័ន្ធ មកបង្ហាញសមត្ថកិច្ចផងដែរ៕

Advertising