(តាកែវ)៖ ជាថ្មីម្តងទៀត មន្ត្រី២៤រូបក្នុងចំណោម៣០រូប នៃមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានបន្តនាំគ្នាផ្តិតមេដាយ លើលិខិតផ្ញើជូនរដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ដោយទទូចឲ្យដកតំណែងលោក មឹង វីរិយា ចេញពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ នេះបើតាមលិខិតរបស់មន្ត្រីមន្ទីរការងារខេត្តតាកែវ ផ្ញើជូនលោករដ្ឋមន្ត្រី ដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

លិខិតរបស់មន្ត្រីមន្ទីរ ជាមួយនឹងស្នាមមេដៃបានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា សូមអង្វរដ៏ទទូចដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាដកលោក មឹង វីរិយា ដោយជំនួនអ្នកដែលមានចិត្តចេះស្រឡាញ់ និងគោរពឲ្យតម្លៃ ដល់បុគ្គលិកក្រោមឱវាទ ពីព្រោះរាល់ទង្វើដែលលោក មឹង វីរិយា បានធ្វើកន្លងមក យើងខ្ញុំពិតជាមិនអាចអនុគ្រោះ និងទទួលយកបានទេ»

លិខិតដដែលបានសង្គត់ធ្ងន់ថា «យើងខ្ញុំមានតែទទូចអង្វរ ឯកឧត្តម ដើម្បីសម្រួលភារកិច្ចលោក មឹង វីរិយ៉ា ចេញពីមន្ទីរការងារខេត្តតាកែវ ហើយដោយក្តីសង្ឃឹមរង់ចាំនូវចម្លើយ យល់ព្រមពីឯកឧត្តម យើងខ្ញុំសូមអធ្យាស្រ័យ ដ៏ខ្ពង់ខ្ពស់ ដោយយើងខ្ញុំមិនអាចចូលបម្រើការងារបានទេ ចាប់ពីថ្ងៃនេះតទៅ ព្រោះថាយើងខ្ញុំមានការភ័យខ្លាចអំពី សុវត្ថិភាព និងបញ្ហាផ្សេងៗ ដែលគាត់បានគំរាមកន្លងមក»

គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ មន្ត្រីជាង២០នាក់ ក្នុងចំណោមជាង៣០នាក់ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ ធ្លាប់បាននាំគ្នាផ្តិតមេដៃ ស្នើសុំដកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក មឹង វីរីយ៉ា ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ម្តងរួចមកហើយ ដោយចោទប្រកាន់ថា ប្រធានមន្ទីររូបនោះ ប្រើអំណាចគំរាមបំបែកបំបាក់សាមគ្គី និងញុះញុងឲ្យមន្ត្រីថ្នាក់ក្រោមឈ្នោះគ្នា រហូតមានការប្តឹង ផ្តល់ដល់តុលាការទៀតផង។

បន្ទាប់មកមន្ត្រីអគារធិការដ្ឋាន នៃក្រសួងការងារ បានចុះទៅសម្របសម្រួល និងស្វែងរកដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានលទ្ធផល ទើបធ្វើឲ្យមន្ត្រីមន្ទីរទាំង កើតទុក្ខមិនសុខចិត្ត ទើបដាក់សំណើទៅកាន់លោករដ្ឋមន្ត្រី អ៉ិត សំហេង ជាថ្មី។

លិខិតរបស់មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ ដែលផ្ញើជូនលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានរៀបរាប់១០ចំណុច ពីការដឹកនាំដោយប្រើអំណាច គំរាមកំហែង ប្រមាថមន្ត្រីថ្នាក់ក្រោម របស់លោក មឹង វីរិយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូចជា៖

១- ការញុះញុងមន្ត្រីថ្នាក់ក្រោមឲ្យឈ្លោះគ្នា មិនទុកចិត្តគ្នា បំបែកបំបាក់សាមគ្គីរបស់មន្ត្រីរហូត ដល់មានមន្ត្រីខ្លះបានប្តឹងផ្តល់គ្នា ទៅតុលាការ ហើយលោក មឹង វីរិយ៉ា ប្រធានមន្ទីរបានតាំងខ្លួនធ្វើជា សាក្សីឲ្យមន្ត្រីដើមបណ្តឹង។

២- បានគំរាមមន្ត្រីក្នុងអង្គប្រជុំថា គាត់មានលុយចំនួន ៥,០០០$ (ប្រាំពាន់ដុល្លារអាមេរិក) សម្រាប់ប្តឹងមន្ត្រីណាម្នាក់ ហ៊ាននិយាយរឿង ប៉ះពាល់ដល់កិត្តិយសរបស់គាត់ គាត់នឹងប្តឹងឲ្យជាប់គុករយៈពេល ០២ខែ ទៅ០៣ខែ មិនតែប៉ុណ្ណោះ ថែមទាំងនិយាយគំរាមថា គាត់ មានបងប្អូនជាអ្នកធ្វើការធំ និងជាតុលាការ សម្រាប់ជួយគាត់ផង។

៣- បានហៅមន្ត្រីថ្នាក់ក្រោមទៅគំរាមថា ក្នុងមន្ទីរការងារមានបីបក្ស បក្សដែលមានអំណាចគឺ បក្សពួករបស់គាត់ ដូច្នេះបើមន្ត្រីណាចង់រស់បានយូរ ឬចង់មានលុយចាយ ត្រូវចូលជាបក្សពួកគាត់ បើមន្ត្រីណាមានបក្សផ្សេងៗពីគាត់ គាតឲ្យាងាប់គឺត្រូវតែងាប់។

៤- គាត់បានប្រកាសក្នុងអង្គប្រជុំថា គាត់បានជ្រើសរើសមនុស្សជំនិតរបស់គាត់ ដែលហៅថា សេនាដៃស្តាំ និងសេនាដៃឆ្វេង និងមានគិញដាក់គ្រប់ការិយាល័យទាំងអស់ ដូច្នេះបើមន្ត្រីម្នាក់ណាធ្វើអ្វីក៏គាត់ដឹងដែរ សូម្បីតែចាប់មួយក្បាល ហើរចូលក៏គាត់ដឹងដែរ។

៥- បានគម្រាមដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ថា បើអ្នកណាម្នាក់ ហ៊ានប៉ះពាល់មនុស្សរបស់គាត់ គឺគាត់មិនឲ្យអ្នកនោះ មានសេចក្តីសុខឡើយ តែបើហ៊ានត្រូវឆ្លងកាត់គាត់សិន។

៦- ការងារបក្សពួកនិយម មន្ត្រីដែលមិនមែនជាបក្សពួក របស់ពួកគាត់ គាត់ចង់ដក ឬដាក់ តាមអំពើចិត្ត ហើយធ្វើអ្វីតែងតែត្រូវបានស្តីបន្ទោស និងមិនត្រូវបានយកចិត្តទុកដាក់ឡើយ។

៧-​ បានប្រាប់ទៅមន្ត្រីសរុបរបាយការណ៍ថា បើចង់បានរបាយការណ៍ពីបក្សពួកគាត់ ចាំគាត់សរសេរជំនួសឲ្យ។

៨- គាត់នឹងយកមនុស្សពីក្រៅ ឬពីក្រសួងមកធ្វើជាអនុប្រធានមន្ទីរ ឬប្រធានការិយាល័យ។

៩- គ្មានទំនួលខុសត្រូវក្នុងនាមជា​​ អ្នកដឹកនាំបន្តវេនការងារអនុវត្តឆ្នាំចាស់ នៅពេលសវនកម្មមកពិនិត្យ គាត់បែរជានិយាយថា ពីរនាក់ហ្នឹងកុំតែគាត់ជួយ កុំអីជាប់គុក។

១០- គាត់បាន​និយាយអួតថា គាត់មិនចង់មកធ្វើជាប្រធានមន្ទីរទេ តែដោយមានគេបង្ខំ ចាញ់នៅឯភ្នំពេញ មួយខែគាត់រកបាន ១៨០០ដុល្លារអាមេរិក​។

យ៉ាងណាក៏ដោយពាក់ព័ន្ធនឹង ការដាក់លិខិតប្តឹងដកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវនេះ Fresh News ទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក មឹង វីរិយ៉ា បាននៅឡើយទេ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦នេះ។

គួរជម្រាបថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ លោក មឹង វីរីយ៉ា ត្រូវបានលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ព្រមាណដកតំណែងម្តងរួចមកហើយ បន្ទាប់ពីភាពអសកម្ម នឹងការងារ ហើយឥឡូវផ្ទុះរឿងជម្លោះជាមួយ នឹងមន្ទីរថ្នាក់ក្រោមទៀត៕

Advertising