(ប៉ាគីស្ថាន)៖ យោងតាមទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និង​ជាង ៥០នាក់បានរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានគេសង្ស័យជាក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបាញ់រះនៅក្នុងសកលវិទ្យាល័យ Bacha Khan University នៅភាគខាងជើងប្រទេសប៉ាគីស្ថាន។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកូនសិស្ស គ្រូបង្រៀន និង​សន្ដិសុខ ហើយក៏ត្រូវបានគេរាយការណ៍មកផងដែរមានខ្មាន់កាំភ្លើង ២នាក់បានស្លាប់។

តាមការបញ្ជាក់ពីខាងសកលវិទ្យាល័យបានឲ្យដឹងថា យ៉ាងហោចណាស់មានសិស្ស ៣.០០០នាក់នៅក្នុងសកល​វិទ្យាល័យខណៈដែល ក្រុមខ្មាន់កាំភ្លើងសម្រុកចូល។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារទៅលើ​សាលារៀនមួយកន្លែងក្នុង ទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស ១៣៤នាក់៕