(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានអះអាងថា លោក សម រង្ស៉ី ទេ ដែលធ្លាប់ជាកូនអុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជួយសម្រេចវិសោធនកម្មគោលការណ៍ប្រជាធិបតេយ្យពីសំឡេងពីរភាគបី មកត្រឹម៥០បូក១ រហូតមកដល់សព្វថ្ងៃនេះ។

ការលើកឡើងរបស់ លោក គង់ គាំ បានធ្ឆ្លើយតបទៅនឹងការវាយប្រហារសមាជិកអតីតគណបក្សប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ចំពោះរូបលោកថា កំពុងបម្រើនយោបាយឱ្យ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយវាយប្រហារលើអតីតគណបក្សសង្រ្គោះជាតិ។

ក្នុងខ្លឹមសារដែលបង្ហោះតាម Facebook នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក គង់ គាំ បានរិះគន់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលបានបំផុសបំផុលបង្កភាពវឹកវរដល់កម្ពុជា នៅអំឡុងពេលកូវីដ១៩ ដោយរំពឹងថា នៅពេលកម្ពុជាវឹកវរ ប្រជាពលរដ្ឋនឹងចូលរួមផ្តួលរំលំគណបក្សកាន់អំណាច ហើយប្រគល់អំណាចឱ្យលោក សម រង្ស៉ី ដោយមិនបាច់បោះឆ្នោត នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។

លោកគង់គាំបានចាត់ទុកថា គំនិតបំផុសបំផុត គឺការយល់សប្តិ ដែលបោកចិត្តខ្លួន និងបោកប្រជាពលរដ្ឋខ្មែរ ដោយមិនអាចនឹងកើតមាននោះទេ ដោយសាររដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដឹងច្បាស់ណាស់ មិនចូលរួមបង្ករភាពវឹកវរ ឬបង្ហូរឈាមទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយបែបនេះ ប្រាកដជាពួកគាំទ្រ មេដឹកនាំនយោបាយក្រៅប្រទេស (គ្មានបក្ស-គ្មានស្រុក) គេថាខ្ញុំជាកូនអុករបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ CPP កាន់អំណាច។ ប៉ុន្តែ សម រង្ស៉ី ទេ ដែលធ្លាប់ជាកូនអុករបស់ ហ៊ុន សែន ជួយសម្រេចវិសោធនកម្មគោលការណ៍ប្រជាធិបតេយ្យពីសំឡេងពីរភាគបី មកនៅត្រឹមសំឡេងហាសិបបូកមួយក្នុងរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យដំណើរប្រជាធិបតេយ្យនៅកម្ពុជារងគ្រោះជារៀងរហូតមកនេះ»

លោកបានបន្តទៀតថា៖ «បើចេះលេងអុក តើ ហ៊ុន សែន ត្រូវការ គង់ គាំ ទៅអុក CNRP ដែលរលាយបាត់ ទៅអុក សម រង្ស៉ី ជាខុនក្រៅក្តារ ទៅអុក កឹម សុខា ជាខុនក្នុងត្រឡោក ធ្វើអ្វីទៀត។ គំនិតអ្នកយល់ខ្សោយយ៉ាងនេះ មិនធ្វើឱ្យអ្នកដទៃជឿកើតទេ»

នៅក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបង្ហើបដែរថា លោកសម រង្ស៉ី ធ្លាប់បានធ្វើការឱ្យសម្តេច ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកឯងអ្នកចោទ ប៉ុន្តែ ខ្ញុំធ្លាប់ប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ អ្នកឯងនៅចាំទេ? អញ្ចឹង បើអ្នកឯងហ៊ានជេរ ហ៊ុន សែន អាល្ងង់ អញ្ចឹង អ្នកឯងវាល្ងង់ជាង ព្រោះអាល្ងង់នេះ ប្រើអាល្ងង់នោះបាន។ កែរដ្ឋធម្មនុញ្ញមិនមែនជារឿងលែងទេណាអា ២/៣ មក ៥០+១ អ្នកឯងជេរ ហ៊ុន សែន អាយ៉ង អញ្ចឹង ឯងហ្នឹងកញ្ជះអាយ៉ងទៅទៀត ព្រោះអញប្រើក្បាលអ្ហែងបាន។ អ្ហែងត្រូវចាំ»