(កណ្តាល)៖ ក្រុមអាជីវករប្រមាណជិត ១០០នាក់ ដែលលក់ដូរនៅមុខរោងចក្រផលិតស្បែកជើង ( ឈី មិង ស៊ីន ហ្វេក ធើរី ឯ-ក ) នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ទុះការតវ៉ា បន្ទាប់ពីរដ្ឋបាលរោងចក្រ បានហៅពួកគាត់ទៅប្រជុំ ហើយទាមទារតម្លៃឈ្នួលទីតាំងលក់ និងថ្លៃភាស៊ីអនាម័យថ្លៃ ហួសពីសមត្ថភាពពួកគាត់។

ក្រុមអាជីវករ បាននិយាយថា មុខរបររបស់ពួកគាត់គឺលក់ដូចជាទឹកបរិសុទ្ធ និង គ្រឿងកំប៉ុងដាក់ក្នុងធុងទឹកកកតែមួយធុងតូច ហើយត្រូវខាងរដ្ឋបាលរោងចក្រទាមទារយកថ្លៃឈ្នួលទីតាំងមួយខែឲ្យបង់១៥ម៉ឺនរៀល និងថ្លៃភាស៊ីមួយថ្ងៃ៣០០០រៀលបន្ថែមពីលើថ្លៃឈ្នួលទីតាំងទៀត។ ចំណែកអ្នកលក់បាយលក់ម្ហូប លៀសហាល លក់ទឹកអំពៅ លក់គ្រឿងជ្រលួក ( គ្រឿងម្ជូ )គ្រែតូចដាក់បាន១ថាសក៏តម្រូវឲ្យបង់ថ្លៃឈ្នួលទីតាំងមួយខែ១៥ម៉ឺនរៀល និងយកថ្លៃភាស៊ីអនាម័យក្នុង១ថ្ងៃ៣០០០រៀលដែរ។

ក្រុមអាជីវករខ្លះទៀតក៏បានឲ្យដឹងដែរថា អ្នកលក់ដូរដែលបង់លុយឲ្យរដ្ឋបាលរោងចក្រក្នុងមួយខែ១៥ម៉ឺនរៀល និងថ្លៃភាស៊ីអនាម័យក្នុងមួយ ថ្ងៃ៣០០០រៀលនោះគឺចល័តទីតាំងទេ។ បានន័យថា កន្លែងដែលពួកគាត់លក់ដូរនោះមិនមែនជាកន្លែងដែលទទួលបានសិទ្ធិផ្តាច់មុខទេ អ្នកណាក៏អាចដាក់លក់បានដែរ ។ ដោយឡែកអ្នកដែលបោះទីតាំងជាតូបលក់ដូរពេញសិទ្ធិដែលមិនអាចអ្នកណាមកលូកលាន់បានដូចជា លក់បាយ លក់ម្ហូប លក់កាហ្វេ លក់គ្រឿងកំប៉ុង ទឹកបរិសុទ្ធជាដើមដែលមានតូបទំហំមួយម៉ែត្របួនជ្រុងត្រូវបង់ថ្លៃឈ្នួលតូបក្នុងមួយខែ២០០ដុល្លារអាមេរិកនិងថ្លៃភាស៊ីក្នុងមួយថ្ងៃ៣០០០រៀលថែមទៀត។

ក្រុមអាជីវករស្នើសុំបង់តែថ្លៃភាស៊ីអនាម័យក្នុងមួយថ្ងៃតែ ៥០០រៀល ទៅ ១០០០រៀលប៉ុណ្ណោះ ចំណែកថ្លៃឈ្នួលតូប និងទីតាំងក្នុងមួយខែ១៥ម៉ឺនរៀលនិង ២០០ដុល្លារនោះពួកគាត់មិនព្រមបង់ឲ្យទេ ពីព្រោះពួកគាត់លក់ដូរសព្វថ្ងៃនេះមិនសូវដាច់ទេ ដោយសារកូវីដ-១៩ ។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារសារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោក សុខ គាង ប្រធានរដ្ឋបាលរោងចក្រផលិតស្បែកជើង ឈី មិង ស៊ីន ហ្វេក ធើរី ឯ-ក បានទេ ដោយសារទូរស័ព្ទរបស់លោកទាក់ទងចូលប៉ុន្តែពុំមានអ្នកទទួល៕