(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មាន ក្រុមអ្នកបារមីនិយម ទៅធ្វើពិធីអង្គុយលើរូបសំណាក «លោកយាយទេព» ដែលជាកន្លែងគោរពបូជា របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប និងអ្នកទេសចរនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដាក់វិធានការពង្រាយ កម្លាំងសមត្ថកិច្ចតាមឃ្លាំងមើល និងត្រៀមចាប់ខ្លួនពួកគេផងដែរ។

លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់ Fresh News ថា ក្រុមបារមីនិយមទាំងអស់នេះ ទើបនិងមកធ្វើពិធីប្រមាណជាពីរលើកនៅចំថ្ងៃ សីល ចំពេលដែលសមត្ថកិច្ច បញ្ចប់ភារកិច្ចយាមនៅតំបន់នោះ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមអ្នកជាន់ឈ្លីលើរូបសំណាក «លោកយាយទេព» មិនមែនជាអ្នកនៅក្នុងខេត្តសៀមរាបនោះទេ។

លោក ឃឹម ប៊ុនសុង បានអះអាងថា រូបលោកនឹងចាត់ការ ទៅលើក្រុមបារមីនិយមទាំងអស់នេះ ប្រសិនបើពួកគេមកធ្វើសកម្មភាពបន្តទៀត។

ការបញ្ជាក់ពីវិធានការរបស់លោកអភិបាលខេត្តសៀមរាប បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប សម្តែងការខឹងសម្បាចំពោះ មនុស្សមួយក្រុមមកតាំងខ្លួនជាអ្នកស្នងរូប «លោកយាយទេព» ហើយនាំគ្នាទៅធ្វើពិធី និងអង្គុយលើរូបសំណាក «លោកយាយទេព» តែម្តង។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានហៅទង្វើទាំងអស់នេះថា ជាការជាន់ឈ្លីយ៉ាងខ្លាំងទៅកន្លែង ដែលជាទី គោរពបូជារបស់ពលរដ្ឋខេត្តសៀមរាប ក៏ដូចជាអ្នកមានជំនឿដទៃទៀត។

សូមបញ្ជាក់ថា រូបសំណាក «លោកយាយទេព» ស្ថិតនៅលើផ្លូវលេខ៦ ក្នុងក្រុងសៀមរាប ជាប់និងអាស្រម ព្រះអង្គចេក និងព្រះអង្គចម។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងអ្នកទេសចរទៅកម្សាន្តនៅខេត្តសៀមរាប ក្រៅពីការបន់ស្រន់នៅព្រះអង្គចេក និងព្រះអង្គ ចមហើយនោះ ពួកគេក៏តែងទៅបន់ស្រន់នៅកន្លែង «លោកយាយទេព» ផងដែរ ដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយ និងជួយឲ្យពួក គេបានសម្រេចនូវបំណងផ្សេង៕

Advertising