(ភ្នំពេញ)៖ «រាជរដ្ឋាភិបាលកម្ពុជាកំពុងជួសជុលរៀបចំ ផ្លូវរថភ្លើងឡើងវិញ រួមទាំងផ្លូវ Express Way ពីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរទៅមុខ» នេះបើយោងតាមព័ត៌មានពី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បង្ហាញនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នៅក្នុងឱកាសសម្ពោធ «ស្ពានអាកាស៥មករា» នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៤ទៀតរួមមាន៖ ១៖ កសាងផ្លូវបត់កោង និង ផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់, ២៖ កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ធរុសី្សត្រង់ចំនុចស្តុប បេកាសេ, ៣៖ សាងសង់ស្ពានអាកាស នៅចំនុចស្តុបផ្សារដីហុយត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង ៤៖ ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាថា នឹងដាក់ឲ្យដំណើរការផ្លូវរថភ្លើង១ខ្សែ ពីបាងកក មកភ្នំពេញ និងភ្នំពេញទៅបាងកក នៅដំណាច់ឆ្នាំ២០១៦ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរួម របស់រដ្ឋាភិបាលកម្ពុជា-ថៃ បន្ទាប់ពីទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នៅកាន់ប្រទេសថៃ។

លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News នាពេលកន្លងមកឲ្យដឹងថា គម្រោងសាងសង់ផ្លូវដែកនេះ នឹងតភ្ជាប់ពីទីក្រុងបាងកក ប្រទេសថៃ មកកាន់ខេត្តបន្ទាយមានជ័យ នៅពាក់កណ្ដាលឆ្នាំ២០១៦ ហើយនឹងបន្តភ្ជាប់មករាជធានីភ្នំពេញ នៅដំណាច់ឆ្នាំ២០១៦ តែម្ដង។

សូមបញ្ជាក់ថា នៅក្នុងទស្សកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសថៃ រយៈពេលពីរថ្ងៃគឺថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០១៥នេះ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នា កែលំអសេវាដឹកជញ្ជូនតាមផ្លូវថ្នល់ ឆ្នេរសមុទ្រ និងរថភ្លើងផងដែរ។ ភាគីទាំងពីរក៏បានឯកភាពពន្លឿន ការបើកច្រកទ្វារអន្តរជាតិថ្មីចំនួន២ទៀត នៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺច្រកស្ទឹងបត់-ណងអៀន និងច្រកអូរនាង-បានប៉ារ៉ៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៃប្រទេសទាំងពីរ នៅតំបន់ព្រំដែនជាដើម៕

ផ្លូវរថភ្លើងកម្ពុជារស់ឡើងវិញ

ផ្លូវរថភ្លើង គឺជាមធ្យោបាយដឹកជញ្ជួនដ៍សំខាន់ទាំងក្នុងការដឹកជញ្ជូនអ្នកដំណើរទូទាៅ និងទំនិញគ្រប់ប្រភេទឆ្លងកាត់ប្រទេស និងឆ្ពោះទៅកាន់កំពង់ផែក្រៅប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាកំពុងជួសជុលរៀបចំផ្លុវរថភ្លើងឡើងវិញ រួមទាំងផ្លូវ Express Way ពីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរទៅមុខ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, January 19, 2016
Advertising