(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រារព្ធ «ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០» នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្មួយៗនិសិ្សត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការផលិតស្បៀង បង្កើនបរិមាណ និងគុណភាព ធានាឲ្យបាននូវការផ្គត់ផ្គង់ ក្នុងមូលដ្ឋានរបស់ខេត្ត តាមរយៈការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាពផលិតកម្ម លើផ្ទៃដីដែលមានស្រាប់ ដោយគិតគូរយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើនគុណភាពដី ឲ្យបានសមស្របតាមប្រភេទដំណាំ និងរដូវដាំដុះ ធ្វើយ៉ាងណាសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចំនួនប្រជាពលរដ្ឋ ដែលមានការកើនឡើងជាលំដាប់។
លោកបន្តថា ក្រៅពីផលិតកម្មស្បៀង ខេត្តព្រះវិហារ ក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិ និងបេតិកភ័ណ្ឌប្រវត្តិសាស្រ្ត របស់មនុស្សជាតិ និងជាដួងព្រលឹងជាតិខ្មែរជាច្រើន សម្រាប់បម្រើឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរមកទស្សនាកំសាន្ត ហើយដែលជាប្រភពចំណូល មិនចេះរីងស្ងួតទាំងសម្រាប់គ្រួសារនៅមូលដ្ឋានផ្ទាល់ និងសេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្ត តាមរយៈលោករដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវឲ្យវិស័យឯកជនមកសិក្សា ពីលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តព្រះវិហារ ដែលមានសក្តានុពល ក្នុងការពង្រីផលិតភាពផលិតកម្ម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

រដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់រដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ រួមសហការគ្នាជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រៀបចំព្រឹត្តិការដ៏មានសារសំខាន់នេះ ឡើងដោយរលូនក្នុងគោលបំណង ចូលរួមប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០ ក្រោមប្រធានបទ «ការផលិត និងប្រើប្រាស់ ស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះ ប្រកបដោយនិរន្តរភាព»

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី តែងតែប្រារព្ធធ្វើជាសាកលរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ រៀងរហូតមក ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់មនុស្សជាតិ អំពីមូលហេតុចំបងដែលបង្ក ឲ្យមានបញ្ហាធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពល មកលើជីវិតសត្វលោកនៅលើភពផែនដី និងជីវភាពរបស់កសិករនៅតំបន់ជនបទ ដែលពឹងអាស្រ័យលើការងារកសិកម្ម។

លោកបន្តថា ព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសឲ្យយើងរួមគ្នាគិត និងដំណោះស្រាយបញ្ហា នៃការធ្លាក់ចុះគុណភាពដី ដើម្បីឈានឆ្ពោះ ទៅសម្រេចបាននូវសុខុមាលភាព និងសុខភាពរបស់ដី ដែលជាធនធានដ៏ចាំបាច់ មិនអាចខ្វះបានក្នុងវិស័យកសិកម្ម។ ម្យ៉ាងទៀត ចំនួនប្រជាជនពិភពលោក បន្តកើនឡើងធ្វើឲ្យមានតម្រូវការ ដីកសិកម្មដើម្បីផលិតស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះ ក៏មានការកើនឡើងរហូតមកដល់៧០% នាពេលបច្ចុប្បន្ន ដែលដាក់សម្ពាធយ៉ាងធ្ងន់ លើផលិតភាព និងនិរន្តរភាពនៃធនធានដីក៏ដូចជាការធានាសន្តិសុខស្បៀង ការកាត់បន្ថយ និងការបន្ស៉ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក វេង សាខុន បន្តថា ពិធីនានេះមានចេតនាជំរុញ បង្កើនសកម្មភាព និងយុទ្ធនាការជាសកលសំដៅ បង្កើនចំណាប់អារម្មណ៍របស់សាធារណជន ទាក់ទងនឹងការផលិត បរិភោគ ស្លៀកពាក់ និងរស់នៅ ដែលសុទ្ធតែមានឥទ្ធិពលប៉ះពាល់ជាអវិជ្ជមានដល់ធនធានដី។ ការធ្លាក់ចុះគុណភាពដី ដែលនាំឲ្យមានការថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែ ចម្ការ វាលស្មៅ និងព្រៃឈើ ជាដើម តែងតែកើតឡើង ដោយសារការបាត់បង់ព្រៃឈើ និងប្រព័ន្ធបរិស្ថានព្រៃឈើ ការធ្វើសកម្មភាពលើសកំណត់ ឬលើសសមត្ថភាពរបស់ដី ការដាំដំណាំតែមួយមុខ ការប្រើជី និងថ្នាំកសិកម្មលើសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស ការជីកយករ៉ែ ការពង្រីកវិសាលភាពទីប្រជុំជនធំៗ និងជាពិសេស គឺការប្រែប្រួលអាកាសធាតុ។

បញ្ហាទាំងអស់នេះ បានធ្វើឲ្យជីវិតមនុស្សជាង២៥០លាននាក់ បាននិងកំពុងទទួលរងនូវផលប៉ះពាល់ តាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច ប៉ះពាល់ដល់សកម្មភាពសង្គម និងបរិស្ថាន ដែលវិបត្តិទាំងអស់នេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ឲ្យងាកមកគិតគូរ ដោយស្រាយបញ្ហានេះ ឲ្យបានគ្រប់ជ្រុងជ្រោយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈធ្វើការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត ការដាំឈើឡើងវិញ ដើម្បីទប់ស្កាត់ការហូរច្រោះគុណភាពដីស្រទាប់ខាងលើ ការកាត់បន្ថយការប្រែប្រួល អាកាសធាតុ ការប្រើប្រាស់ឈើដាំ ជំនួសឈើធម្មជាតិ ការរក្សាជីវចម្រុះ ការដាំដំណាំឆ្លះ ការកាត់បន្ថយការប្រើថ្នាំ និងជីកសិកម្ម ការកាយ រុករករ៉ែ ការគ្រប់គ្រង និងប្រើប្រាស់ទឹកមិនបានត្រឹមត្រូវ ការឈួសឆាយដីព្រៃ ដោយមិនធ្វើការដាំដុះឈើ ឬដំណាំឡើងវិញ និងការទុកដីកសិកម្មទំនេរចោល ជាដើម។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមទៀតថា ដីគឺជាជីវិតមនុស្ស សត្វ និងរុក្ខជាតិ មានដីប្រកប ដោយគុណភាព ទើបការអភិវឌ្ឍវិស័យកសិកម្មមានចីរភាព និងនិរន្តរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការរក្សាធនធានទឹក និងថាមពល ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។

លោករដ្ឋមន្ត្រីបន្តថា ក្នុងនាមកម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាសហប្រជាជាតិទប់ស្កាត់រហោស្ថានកម្ម ឬឱនភាពដី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកាតព្វកិច្ចចូលរួម និងសហការជាមួយពិភពលោក អនុវត្តសកម្មភាពនានាដែលមានចែងក្នុងអនុសញ្ញានេះ ដើម្បីប្រយុទ្ធប្រឆាំង ឬទប់ស្កាត់រហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដីយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន ក្នុងបំណងចំបងថែរក្សាបរិស្ថាន ជីវៈចម្រុះ និងធនធានធម្មជាតិ។

ជាក់ស្តែង ក្រសួងបានរៀបចំពិធីនេះ រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៩ បានប្រារព្ធទិវានេះ នៅសហគមន៌ព្រៃឈើដំណាក់អ្នកតាថ្មពួន ភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ក្រោមប្រធានបទ «សូមឲ្យមានភាពរីកចម្រើនទាំងអស់គ្នានៅពេលអនាគត»

ដើម្បីចូលរួមអបអរសាទរ នៃការប្រារព្វពិធីនេះ និងដើម្បីពញ្ញាក់ស្មារតី ឲ្យជនរួមជាតិងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ទ្វេឡើងថែមទៀត លើប្រធានបទខាងលើ លោករដ្ឋមន្ត្រី វេង សាខុន បានជូនអនុសាសន៍បន្ថែមក្រៅពីអនុសាសន៍ ដែលបានជូនកាលពីឆ្នាំកន្លងមកជារួមទាក់ទងនឹង៖

* ការប្រើប្រាស់ដីកសិកម្ម និងទឹកក្នុងភាពទទួលខុសត្រូវខ្ពស់ វៃឆ្លាត បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
* វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី
* ចូលរួមទប់ស្កាត់ការរិចរិល ការធ្លាក់ចុះគុណភាពដី ការធ្វើកសិកម្មតាមបែបប្រពលវប្បកម្មចម្រុះ ទទួលខុសត្រូវក្នុងការគ្រប់គ្រងដីឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ
* ចូលរួមដាំដើមឈើ ដាំដំណាំឆ្លះដើម្បីលើកកម្ពស់ និងថែរក្សាគុណភាពដី -ល-៕