(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ បានចុះធ្វើការដោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួន របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ខណៈដែលអាជ្ញាធរ បានដាក់គ្រឿងចក្រធ្វើផ្លូវក្រវ៉ាត់បឹងត្របែក និងស្តារប្រឡាយបង្ហូរទឹកស្អុយ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ។

ក្នុងកិច្ចស្វែងរកដំណោះស្រាយរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២០ ខែមករា នេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអភិបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយសំណង នៃផលប៉ះពាល់ដល់ពួកគាត់ជាប្រាក់ ដោយពួគគាត់មិនទទួលយក ដីគោលនយោបាយនោះទេ ចំពោះសំណើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានទទួលយក រួចនិងរាយការណ៍ទៅថ្នាក់លើដើម្បីសុំគោលការណ៍ ក្នុងការដោះស្រាយ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរ ចំពោះអង្គការសង្គមស៊ីវិល ដែលចូលរួមមកដោះស្រាយតំណាងឲ្យបងប្អូន សូមចូលរួមដោះស្រាយជាប្រយោជន៍ដល់ពលរដ្ឋ ហើយសូមកុំឡូកឡំនិងរឿងនយោបាយ ពោលគឺរួមគ្នាស្វែងរកដំណោះស្រាយរួមមួយដើម្បីបញ្ចប់បញ្ហា ជៀសវាង ពាក់ព័ន្ធនឹងរឿងនយោបាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមការងារសាលាខណ្ឌចំការមន និងសង្កាត់ផ្សារដើមថ្កូវ បានសហការ ជាមួយក្រុមការងារ សាលារាជធានីភ្នំពេញ ដាក់គ្រឿងចក្រដើម្បីធ្វើ ផ្លូវក្រវ៉ាត់បឹង និងស្ដារប្រឡាយបង្ហូរទឹកស្អុយ ប៉ុន្តែខណៈកំពុងធ្វើនោះ មានក្រុមប្រជាពលរដ្ឋជាច្រើននាក់ រួមនិងអង្គការសង្គមស៊ីវិលផងនោះ បានមករារំាង ដោយសារថា បានប៉ះពាល់ដល់ដី និងលំនៅឋានរបស់ពួកគាត់៕