(កោះកុង)៖ ដូចការគ្រោងទុកក្រុមប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ចំនួនជាង ១០០នាក់ មកពីឃុំចំនួន៥ នៅស្រុកស្រែអំបិល បានដង្ហែក្បួនមកដាក់ញ្ញត្តិនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ។

ញត្តិរបស់ប្រជាពលរដ្ឋធ្វើឡើងក្នុងគោលបំណងស្នើឲ្យ លោក ឆាយ វុធ មេឃុំជីខលើ ធ្វើយ៉ាងណាជម្រុញ ឲ្យក្រុមហ៊ុនទាំងពីរកាត់ដី ចំនួន ៧៥៤.៦ ហិចតា ប្រគល់មកឲ្យប្រជាពលរដ្ឋ ១៧៣គ្រួសារវិញ ដើម្បីយកមកធ្វើជាកម្មសិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលដំណាំដូចដើមវិញ។

នៅក្នុងញត្តិនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះចង់បានដីស្រែចំការ ដែលក្រុមហ៊ុនចំនួនពីរ (កោះកុង ស៊ូហ្គឺរ និងក្រុមហ៊ុន ផ្លេនថេសិន industry Company limited) បានឈូសឆាយរំលោភត្រឡប់មកវិញ និងស្នើឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សំណងនៃការខូចខាតដំណាំ ដែលបានបាត់បង់ឲ្យបានសមរម្យ និងយុត្តិធម៌។

លោក ឆាយ វុធ មេឃុំជីខលើ បានប្រាប់អង្គភាព Fresh News នៅរសៀលនេះឲ្យដឹងថា ករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋខាងលើនេះ គឺហួសពីដែនសមត្ថកិច្ចរបស់គាត់ លោកបញ្ជាក់ថា តែយ៉ាងណាក៏ដោយ លោកនឹងជួយអន្តរាគមន៍ ដោយនាំយកញត្តិនោះ ប្រគល់ទៅកាន់ថ្នាក់លើជាអ្នកជួយអន្តរាគមន៍បន្ត។

គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋទាំងអស់នោះ បានដាំដុះលើដីរបស់ពួកគាត់ ដោយប្រកបរបរ ដាំស្រូវ ពោត ដំបូង ចេក កៅស៊ូ ស្វាយជាដើម លុះមកដល់ឆ្នាំ២០០៦ ទើបក្រុមហ៊ុនទាំងពីរបាននាំយកគ្រឿងចក្រ ចូលមកឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់ និងចាប់យកគោក្របីជំរិតទារប្រាក់ពីពួកគាត់ផងដែរ ។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ករណីទំនាស់ដីធ្លីនេះនៅមិនទាន់មាន ដំណោះស្រាយនៅឡើយទេ៕