(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រោយជាប់ទោសជិត៣ឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា អ្នកទោសខ្មែរទាំង៣នាក់ ដែលថៃបញ្ជូនខ្លួនមកវិញនេះ គឺមាន២នាក់ ត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ និងម្នាក់ទៀតចាប់ខ្លួននៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងតាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ និងត្រូវបាននាំឃុំខ្លួន នៅស្រុកខានលថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។

ពលរដ្ឋខ្មែរទាំង៣នាក់មានទី១៖ ឈ្មោះ ថា ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២៖ ឈ្មោះ តេង សឿ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៣៖ ឈ្មោះ ឈុន ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រោយពីបានវាស់កំដៅរកមេរោគកូវីដ១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕