(ភ្នំពេញ)៖ ប្រធានអាណត្ដិថ្មី ក្លឹបរ៉ូតថារី ភ្នំពេញសេនត្រល លោក គង់ និមល បានថ្លែងប្ដេជ្ញាចិត្ដ យ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកសកម្មភាពសប្បុរសធម៌ ជួយដល់សង្គមជាតិ ជាពិសេសជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រីនៅកម្ពុជា។

ក្លឹបរ៉ូតថារី ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា មានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ ដែលមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។

លោកបានថ្លែងបន្ដថា សម្រាប់ រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីថល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល ជាសាខានៅកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម។

ក្នុងឱកាសលោកត្រូវបានទទួលតំណែង ជាប្រធានអាណាត្ដិថ្មី (២០២០-២០២១) របស់ រ៉ូតថារីក្លឹម ភ្នំពេញសេនត្រល ដែលបានប្រារព្ធពិធីផ្ទេរតំណែង កាលពីចុងខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងប្ដេជ្ញាចិត្ដ និងក្ដីរំភើបយ៉ាងក្រៃលែង ដែលបានទទួលយកនូវភារកិច្ចដ៏ពិសេស និងសំខាន់មួយនេះ ក្នុងការបន្ដជួយប្រជាពលរដ្ឋខ្វះខាត។

លោកបានថ្លែងបន្ដថា រ៉ូតថារី ជាក្លឹបដែលមានសមាជិកជាម្ចាស់អាជីវកម្ម និងពហុជំនាញជាច្រើន ដែលគោលបំណងធ្វើការងារសប្បុរសធម៌ ជួយដល់ប្រជាជាតិនៅក្នុងសហគមន៍ ហើយក៏បានផ្សារភ្ជាប់រវាងសមាជិកទាំងអស់ ដូចជាគ្រួសារតែមួយផងដែរ។

លោក គង់ និមល បានបញ្ជាក់ទៀតថា «ក្នុងនាមខ្ញុំជាប្រធានអាណត្តិទី២នេះ សូមកោតសរសើរនូវទឹកចិត្តរបស់ប្រធានបង្កើតក្លឹប CP Yuan ដែលលោកចំណាយពេលវេលា ទ្រព្យសម្បត្តិ ខិតខំបង្កើតក្លឹបនេះឡើង ដើម្បីជាប្រយោជន៍ជួយទៅដល់ប្រទេសជាតិយើងមិនថាថ្ងៃនេះ ឬទៅថ្ងៃអនាគត ហើយនេះ គឺជាការបន្សល់ទុកនូវដើមទុនមួយយ៉ាងសំខាន់ សម្រាប់ពួកយើង ដែលជាសមាជិក រ៉ូតថារី ក្លឹប ភ្នំពេញ សេនត្រល ក្នុងការធ្វើការងារសង្គមរបស់យើងទាំងអស់គ្នាផងដែរ»

លោក រួមទាំងសមាជិកទាំងអស់នៃ រ៉ូតថារីក្លឹប ភ្នំពេញ សេនត្រល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសកម្មភាពសប្បុរសធម៌ និងជួយដល់សង្គមជាតិឱ្យបានកាន់តែច្រើនឡើង៕