(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន បានធ្វើជាប្រធានអង្គប្រជុំស្ដីពី «វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់កំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ លើវិស័យឯកជន នៅកម្ពុជា។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំនេះ មានការចូលរួមពីឧកញ៉ា ស៊ីវ ថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន និងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារ រួមទាំងសហប្រធានក្រុមការងារនីមួយៗ នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន, សហប្រធាននៃយន្តការភាពជាដៃគូ នៃអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន និងសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងទទួលយក និងប្រមូលនូវវឌ្ឍនភាព ស្ថានភាពធាតុចូល ក្នុងកំឡុងពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ មកលើវិស័យឯកជន និងកំពុងបន្តផលប៉ះពាល់យ៉ាងខ្លាំង ទៅលើគ្រប់វិស័យ មានជាអាទិ៍ដូចជា៖

១៖ ក្រុមការងារ (ក) «កសិកម្ម កសិឧស្សាហកម្ម»៖ ការប្រមូលផលមិនទាន់ពេល ដោយសារតែកង្វះកម្លាំង ពលកម្ម និងការនាំចូលចំណីសត្វមានតម្លៃខ្ពស់ ក្នុងវិស័យចិញ្ចឹមសត្វ លោកឧកញ៉ាស្នើសុំឲ្យមានរោងចក្រ ផលិតចំណីសត្វក្នុងស្រុក ដើម្បីបញ្ចៀសនូវការនាំចូលចំណីសត្វ។

២៖ ក្រុមការងារ (ខ) «ទេសចរណ៍»៖ វិស័យទេសចរណ៍នៅខេត្តសៀមរាប មានការធ្លាក់ចុះខ្លាំង ដោយគ្មានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ និងក្នុងការបង់ប្រាក់តម្កល់ «៣,០០០ដុល្លារ» សម្រាប់ចត្តាឡីស័ក ស្នើសុំឲ្យមានទីកន្លែងសមរម្យ សម្រាប់អ្នកចត្តាឡីស័ក ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងឲ្យមានការសម្របសម្រួល ពីរាជរដ្ឋាភិបាល ទៅលើថ្លៃជួលទីតាំងប្រកបអាជីវកម្ម និងសុំឲ្យដំណើរការឡើងវិញ នូវកន្លែងកម្សាន្ត និងឲ្យក្រសួងអប់រំ ជ្រើសរើសសាលាអន្តរជាតិមួយចំនួន ធ្វើជាគំរូក្នុងការបើកដំណើរការឡើងវិញ ដោយមានការកំណត់ស្ដង់ដារសុវត្តិភាព ពីក្រសួងសុខាភិបាល។

៣៖ ក្រុមការងារ (គ) «កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា»៖ ស្នើសុំឲ្យមានការយកទំនិញតាំងពិព័រណ៌ មកពីក្រៅប្រទេសមានចំនួនកំណត់ និងសមរម្យ។

៤៖ ក្រុមការងារ (ង) «សេវាធនាគារ និងហិរញ្ញវត្ថុ»៖ ច្បាប់នៃការលាងសម្អាតសាច់ប្រាក់ថ្មី ស្នើសុំឲ្យរដ្ឋាភិបាលសម្របសម្រួល ឲ្យមានការប្រើប្រាស់សេវាប្រាក់តម្កល់ ៣,០០០ដុល្លារ តាមប្រព័ន្ធធនាគារ។

៥៖ ក្រុមការងារ (ឆ) «ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ»៖ ស្នើសុំឲ្យរដ្ឋាភិបាលមានការសម្របសម្រួល ឲ្យមានការបើកច្រកព្រំដែនឡើងវិញ តាមការព្រមព្រៀងទ្វេភាគីកម្ពុជា-វៀតណាម។

៦៖ ក្រុមការងារ (ឈ) «ស្រូវ-អង្ករ»៖ ស្នើសុំឲ្យរាជរដ្ឋាភិបាលបង្កើតនូវមន្ទីរពិសោធន៍ DNA ស្រូវអង្ករ និងពិនិត្យជំងឺស្រូវអង្ករក្នុងស្រុក ដែលទទួលស្គាល់ដោយអន្តរជាតិ និងឲ្យមានរោងចក្រផលិតចំណីសត្វក្នុងស្រក។ ស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពន្យារពេលនៃការប្រមូលប្រាក់កម្ចីរហូតដល់១២ខែ។

៧៖ ក្រុមការងារ (ដ) «អប់រំ» ស្នើសុំឲ្យបើកដំណើរការឡើងវិញ នូវសាលារៀនឯកជនទាំងអស់ រួមទាំងក្លឹបហាត់ប្រាណ ទៅតាមស្ដង់ដារសុវត្ថិភាព របស់ក្រសួងសុខាភិបាលក្នុងខែសីហា ឬខែកញ្ញា។

៨៖ ក្រុមការងារ (ឍ) «សំណង់ និងអចលនទ្រព្យ»៖ សមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ស្នើសុំកុំឲ្យមានការដំឡើងពន្ធ ដោយធៀបទៅឆ្នាំ២០១៩។

ជាលទ្ធផលនៃកិច្ចប្រជុំអ្នកឧកញ៉ា គិត ម៉េង បានប្រាប់វិស័យឯកជនថា កុំឲ្យការបារម្មណ៍ទៅបញ្ហា «EBA» ដោយអ្នកឧកញ៉ាមានជំនឿថា រាជដ្ឋាភិបាលអាចនឹង ដោះស្រាយបញ្ហានេះបាន ហើយឆាប់ៗនេះរដ្ឋាភិបាល និងអនុម័ននូវច្បាប់ទាក់ទងល្បែងស៊ីសង អ្នកឧកញ៉ាទទួលយកនូវបញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងគ្រប់វិស័យ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ៕