(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានប្រាប់អង្គភាព Fresh News ថា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានចាប់ខ្លួន​ស្រ្តីចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចផ្លូវរទេះភ្លើង ភូមិ៣ សង្កាត់ស្រះចក ដោយដកហូតថ្នាំញៀនចំនួន១៩១កញ្ចប់ និងលុយចំនួន១០ម៉ឺនរៀល ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ លឹម សុភាព អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅ ផ្ទះជួលផ្លូវរទេះភ្លើង ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ។ លោក ហួត ចាន់យ៉ារ៉ាន់ បានថ្លែងថា ក្រោមបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតតាមចាប់ជនសង្ស័យរូបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕