(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ច បានផ្ញើលិខិតទៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីចាត់វិធានការលើមន្ដ្រីមូលដ្ឋានណា ដែលកាត់លុយពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មាន ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ភាពមិនប្រក្រតី និងការតវ៉ាមួយចំនួន លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរៀបចំធ្វើឡើងនាទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំនួររបស់បណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងចំណាត់ការ លើមន្ដ្រីមូលដ្ឋានណា ដែលបានកាត់លុយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយកូវីដ១៩នោះ លោក វង សូត បានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើលិខិតមួយជាផ្លូវការ ទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យគាត់ចាត់ការតាមនីតិវិធី»

រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បានឲ្យដឹងថា ដោយសារតែក្រសួងសង្គមកិច្ច មិនមានសមត្ថកិច្ច ក្នុងការអនុវត្ដច្បាប់ លើមន្ដ្រីមូលដ្ឋានណា ដែលខុសគោលការណ៍បែបនេះ ទើបក្រសួងចេញលិខិតមួយជាផ្លូវការ ផ្ញើទៅក្រសួងមហាផ្ទៃ។

ក្នុងសន្និសីទព័ត៌មាននេះ រដ្ឋមន្រ្តី វង សូត ក៏បានអំពាវនាវដល់មន្រ្តីភូមិឃុំ បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព និងហាមធ្វើខុសគោលការណ៍ផងដែរ។

លោក វង សូត បានលើកឡើងថា បើបងប្អូនប្រព្រឹត្តអ្វីដែលខុសគោលការណ៍ បងប្អូនត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ។ លោកក៏អំពាវនាវដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលខកខាន មិនបានបើកសាច់ប្រាក់ ប្រញាប់មកបើកប្រាក់ឧបត្ថម្ភផងដែរ។

នាពេលថ្មីៗនេះ នៅក្នុងឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មានករណីក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានដកប្រាក់ពីប្រជាពលរដ្ឋ ចន្លោះប្រមាណពី ២ម៉ឺនរៀល ទៅ៤ម៉ឺនរៀល ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ គ្រាន់តែថា «ដកថ្លៃសេវា»

ការដកនេះ បានធ្វើឡើងខុសពីគោលការណ៍រាជរដ្ឋាភិបាល។ នេះបើតាមការអះអាង របស់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ប្រាប់មកបណ្ដាញព័ត៌មាន Fresh News។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតី លើការអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ជាពិសេសការឃុបឃិតគ្នា ដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕