(ភ្នំពេញ)៖ ៤២ថ្ងៃកន្លងមកនេះ សំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្ត មាន៣៤៥៤សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងដែលបានកកស្ទះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ខ្លួន ទាក់ទងនឹងការអនុវត្តយុទ្ធនាការ ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងមក។ ជាលទ្ធផលនៃការអនុវត្តយុទ្ធនាការ ក្នុងរយៈពេល៤២ថ្ងៃកន្លងមកនេះ សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មានចំនួនសរុប ៣,៤៥៤សំណុំរឿង ស្មើនឹង ២៧% នៃសំណុំរឿងដែលបានកកស្ទះ។

ទន្ទឹមនឹងការខិតខំដោះស្រាយបញ្ហា ប្រឈមនានានៅតាមបណ្ដាសាលាដំបូងរាជធានីឥខេត្ត ដោយក្រុមការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គ.យ.ក.ស. និងជាពិសេសដោយមានការចូលរួមយ៉ាងសកម្ម ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានា, គ.យ.ក.ស. រំពឹងទុកថា សាលាដំបូងរាជធានី-ខេត្ត នៅទូទាំងប្រទេសនឹងខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពឲ្យចប់សព្វគ្រប់ នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

បើតាមសេចក្តីប្រកាសព័ត៌មានេះ, គ.យ.ក.ស. បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធនាការ ក្នុងការជំរុញការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ ផងដែរ។ គ.យ.ក.ស. សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឲ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាជម្រះក្ដី អាចសម្រេច លទ្ធផលបាន តាមផែនការដែលបានគ្រោងទុក៕