(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវគណៈរដ្ឋមន្ត្រីកែសម្រួលពាក្យពេចន៍មួយចំនួន។

បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់នេះ មានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់នេះ នឹងកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕