(ភ្នំពេញ)៖«តាំងពីមុន និងក្រោយរំដោះប្រទេសពីរបបខ្មែរក្រហម ប៉ុលពត រូបខ្ញុំតែងតែនៅរួមសុខរួមទុក្ខបម្រើជនរួមជាតិឲ្យបានរស់នៅក្នុងសន្តិភាព រហូតមកទល់សព្វថ្ងៃ។ អ្វីដែលខ្ញុំចង់បានខ្លាំងបំផុតនោះគឺប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ និងសប្បាយរីករាយក្នុងគ្រួសារ ជាមួយជីវភាពរស់នៅកាន់តែប្រសើរឡើង។ ទន្ទឹមនិងនោះ គឺខ្ញុំចង់ឃើញយុវជនខ្មែរ កាន់តែមានឱកាសច្រើនក្នុងការសិក្សា ការប្រកបការងារ និងការចូលរួមក្នុងសង្គមជាតិ។ មានអ្នកនយោបាយជាច្រើន ដែលបាននិយាយនិងសន្យាអោយតែពិរោះស្តាប់ រីឯការអនុវត្តន៍គឺផ្ទុយស្រឡះ», នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្រោមម្លប់សន្តិភាពនេះហើយ ទើបប្រទេសយើងបានកសាងនូវសមិទ្ឋផលជាតិជាច្រើន ដែលពេលនេះ បានធ្វើឲ្យកម្ពុជាយើងក្លាយទៅប្រទេស ស្មើមុខមាត់លើឆាកអន្តរជាតិ។ យើងត្រូវរួមគ្នាថែររក្សាការពារសន្តិភាពឲ្យនៅគង់វង្ស។ សម្តេចតេជោសុំអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេស ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រសម្តេចក្នុងការដឹកនាំ ប្រទេសជាតិយើងឲ្យ កាន់តែរីកលូតលាស់ទៅមុខ៕