(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ និងសន្តិសុខបាញ់ទឹកសំអាតផ្លូវថ្នល់ ស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅតាម បណ្តោយផ្លូវព្រះសីសុវត្ថិ មុខព្រះបុរមរាជវាំង ក្រោយរថយន្តដឹកសំរាម របស់ក្រុមហ៊ុន CINTRI ពេលដឹកសំរាមបានបង្ហូរទឹកស្អុយ និងកាកសំណល់មកតាមផ្លូវ ។

លោក គួច ចំរើន បានអំពាវនាវ និងសុំការយោគយល់ដល់ម្ចាស់ក្រុមហ៊ុនដឹកសំរាមមួយនេះ ជួយពិនិត្យ និងណែនាំដល់អ្នកបើករថយន្ត មេត្តាជួយរៀបចំ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពេលលើកដាក់ទៅលើរថយន្ត ចៀសវាងការបង្ហូរទឹកស្អុយចេញពីកាកសំណល់ មកលើដងផ្លូវ ដែលនាំឲ្យធំក្លិនឆ្អេះឆ្អាប និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ជាពិសេសនោះភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវ និងទស្សនាកំសាន្តនៅតាមមាត់ទន្លេ។

អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា "ឡានដឹកសំរាម​ ហៀរទឹកស្អុយ​ ចេញពីឡាន​ សំអុយ​ ពេញមុខព្រះបរមរាជវាំង ម្សិលមិញលាង​ ថ្ងៃនេះបង្ហៀ​ ស្អុយដដែល" ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាម នៅមុខផ្ទះឲ្យបានត្រឹមត្រូវ ជាពិសេសនោះ គឺការវេចខ្ទប់ តាមប្រភេទនៃសំរាម ងាយស្រួលដល់រថយន្ត របស់ក្រុមហ៊ុន CINTRI មកដឹកជញ្ជូនយកទៅចាក់ចោល៕

អភិបាលខណ្ឌដូនពេញ អំពាវនាវដល់ក្រុមហ៊ុន CINTRI ពិនិត្យមើលការដឹកជញ្ជូនសំរាម ក្រោយបង្ហូរទឹកស្អុយ និងកាកសំណល់លើផ្លូវ

Posted by Sheet on Wednesday, January 20, 2016