(ភ្នំពេញ)៖ សពនាយឧត្តមសេនីយ៍ ញ៉ឹក ហួន ដែលជាយុទ្ធមិត្តសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានថ្នាក់ដឹកនាំ និងក្រុមគ្រួសាររៀបចំបូជា នៅមុខវត្តបទុមវត្តី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងបូជាសព អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញចូលរួមនៅក្នុងពិធីបូជា សពនាយឧត្តមសេនីយ៍ផងដែរ។ នាយឧត្តមសេនីយ៍ ញឹក ហួន បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយឧត្តមសេនីយ៍ ញឹក ហួន ជាយុទ្ធមិត្តដែលបានស្រឡាញ់ អាយុជីវិតរបស់សម្តេច ជាងអាយុជីវិតរបស់ខ្លួនទៅទៀត ទាំងនៅក្នុងសមរភូមិ តស៊ូរំដោះជាតិ និងពេលបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ញឹក ហួន បានធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ ក្តីតែមិនបានគិតពីស្ថានភាពជំងឺ ដែលឆក់យកជីវិតនោះទេ នៅតែផ្តាំមិត្តភក្តិរួមអាវុធទាំងអស់ ឲ្យការពារសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។

សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងដើរកាត់ចំការមីនជាប់ព្រំដែន កម្ពុជា-វៀតណាម លោក ញឹក ហួន បានរាវរក និងដោះមីន មុននឹងឱ្យសម្តេចដើរមួយជំហ៊ានម្តងៗ។ នៅពេលនោះគាត់បាននិយាយថា បើលោកស្លាប់ ក៏ស្លាប់ចុះឱ្យតែសម្តេចតេជោ ហ៊ុន សែន នៅរស់ដឹកនាំការតស៊ូរំដោះជាតិ៕