(កំពង់ស្ពឺ)៖ ក្រុមការងារជំនាញដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរដែនដីខេត្ត-ស្រុក នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានចុះរុះរើខ្ទមនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ស្ថិតចំនួន២ទីតាំង ក្រោយទីតាំងទាំងនេះសាងសង់ខុសច្បាប់ទាំងស្រុង។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ទីតាំងទាំង២នេះរួមមាន៖
*ទីតាំងទី១ ស្ថិតនៅចំណុចនាគព័ន្ធ។ ក្រុមការងារបានរុះរើបង្គោលរបងឈើចំនួន៨៣៦បង្គោល, ដុតចោល, កាត់លួសបន្លាចំនួន៣ខ្សែ ស្មើនឹង៥០០គីឡូក្រាម, រុះរើគ្រោងផ្ទះឈើសង់ថ្មីៗ ចំនួន០១ខ្នង, រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី២ខ្ទម, រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន០១ខ្ទម, ដុតកម្ទេចចោលខ្ទមប្រក់ស្បូវចំនួន៨ខ្ទម, រឹបអូសរោង (ខ្ចូស) ប្រក់ស្បូវចំនួន៤ រួចបាន យកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ។ ក្រុមការងារក៏បានរឹបអូសអំពូលសូឡាចំនួន៦អំពូល ហើយសម្រាប់ទីតាំងដីដែលបានចុះបង្រ្កាបមានទំហំសរុប១២ហិកតា ចែកជា១៤ឡូតិ៍។
*ទីតាំងទី២ ស្ថិតនៅចំណុចអូរកសេះមុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ដោយក្រុមការងារបានវាយកម្ទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី១ខ្នង ដែលដីមានទំហំប្រមាណ០.១២ហិកតា។
លោក សរ សុពុត្រា បានឱ្យដឹងថា «នេះជាការបង្ក្រាបលើសកម្មភាពជនអនាធិបតេយ្ យដែលរំលោភយកដីរដ្ឋជាកម្មសិទ្ធិ។ មិនតែប៉ុណ្ណោះអាជ្ញាធរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីថែមទៀតផង»៕