(ភ្នំពេញ)៖ ក្មេងស្រី៣នាក់ ដែលមានអាយុចន្លោះពី៧ឆ្នាំ ទៅ១១ឆ្នាំ បាននាំគ្នាវេចបង្វេចខោអាវរត់ចេញពីផ្ទះម្ដាយចិញ្ចឹម ស្វែងរកអង្គការឲ្យជួយ ក្រោមហេតុផលមិនអាចរស់នៅ​ ជាមួយម្ដាយចិញ្ចឹមបានតទៅទៀត ព្រោះតែការវាយដំស្ទើររាល់ថ្ងៃ និងឲ្យអាហារហូបមិនគ្រប់គ្រាន់ រួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។

ក្មេងស្រីដែលនាំគ្នារត់ចេញពីផ្ទះម្ដាយចិញ្ចឹមខាងលើនេះ ត្រូវបានអ្នករត់ម៉ូតូឌុបចិត្តធម៌ ឌុបនាំយកទៅកាន់ទីស្នាក់ការ អង្គការដោយមិនយកលុយ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ហើយត្រូវបានមន្ត្រីអង្គការនាំយកទៅជួបអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទទួលស្គាល់តាមផ្លូវច្បាប់ ជៀសវាងមានបញ្ហាផ្សេងៗទៅថ្ងៃក្រោយ។

ក្មេងស្រីទាំង៣នាក់ខាងលើនេះទី១ មាន ឈ្មោះ អៀ យូអ៊ី អាយ១១ឆ្នាំ ដោយនាងអះអាងថា នាងមានស្រុកកំណើតនៅស្រុកស្រែអំបិល ខេត្តកោះកុង តែមិនដឹងភូមិច្បាស់នោះទេ ព្រោះនាងជាក្មេងកំព្រាឪពុកម្ដាយ ត្រូវបងប្អូនយកមកឲ្យនៅជាមួយម្ដាយចិញ្ចឹមតាំងពីតូច។ ក្មេងស្រីទី២ មានឈ្មោះ ស្រី ម៉ៅ អាយុ៧ឆ្នាំ ត្រូវនាងអះអាងតាមគេនិយាយថា នាងត្រូវម្ដាយចិញ្ចឹមរើសបានពីធុងសម្រាម យកមកចិញ្ចឹមតាំងពីនៅកូនង៉ែតមកម៉្លេះ។

ក្មេងស្រីទី៣ ត្រូវបានគេស្គាល់ឈ្មោះ ស្រី នាង ហៅស្រីណែតដោយនាងត្រូវបានម្ដាយ យកមកលក់តាំងពីនៅតូចដូចៗគ្នា។ ចំណែកម្ដាយចិញ្ចឹមដែលក្មេងស្រីទាំង៣នាក់ ខាងលើនេះនាំគ្នា រត់ចេញត្រូវបានក្មេងស្រីខាងលើអះអាងថាមានឈ្មោះ អន ចិន្ថា ហៅយាយតោ មានទីលំនៅផ្ទះលេខ៣៧០អឺសូន្យ ផ្លូវលេខ៥២៨ ក្រុមទី៣៤ ភូមិ៩សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក។

បច្ចុប្បន្នក្មេងស្រីខាងលើកំពុងស្ថិតនៅក្រោមការឃុំគ្រង ពីអង្គការមេត្រីអន្តរជាតិដើម្បីអាស៊ី និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន កំពុងចុះធ្វើការស្រាវជ្រាវ រកមូលហេតុពិតនៅផ្ទះម្ដាយចិញ្ចឹម ដែលក្មេងស្រីរត់ចេញ។

តាមការអះអាងពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា មូលហេតុដែលពួកគេនាំគ្នា រត់ចេញគឺដោយសារតែមិនអាចរស់នៅ ជាមួយម្ដាយចិញ្ចឹម បានតទៅទៀតព្រោះតែគាត់ វាយធ្វើបាបស្ទើគ្មានលោះថ្ងៃរួមទាំងឲ្យហូបចុកមិនគ្រប់គ្រាន់ ប្រើឲ្យធ្វើការគ្មានពេលសម្រាក និងមិនឲ្យរៀនសូត្រជាដើម។

តែទោះជាយ៉ាងណានេះ គ្រាន់តែជាការអះអាងពីក្មេងស្រីតែប៉ុណ្ណោះ រីឯរឿងពិតយ៉ាងណានោះ គ្មានអ្នកណាដឹងឡើយ ព្រោះភ្នាក់ងារ Fresh News នៅមិនទាន់អាចធ្វើការទាក់ទង ពីម្ដាយចិញ្ចឹមដើម្បីសុំការបំភ្លឺបាននៅឡើយទេ៕