(មណ្ឌលគិរី)៖ អភិបាលស្រុកអូរាំង ខេត្តមណ្ឌលគិរី លោក សៀក មុន្នី បានរៀបចំវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
វេទិការសាធារណៈនេះ រៀបចំនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូរាំង។
នៅក្នុងវេទិកានោះ រដ្ឋបាលស្រុក និងក្រុមការងារថ្នាក់ជាតិ បានយកអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីការឆ្វៀលដី ជូនប្រជាពលរដ្ឋណា ដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំ។
ប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង និងដឹងគុណដល់សម្តេចតេជោ ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក សៀក មុន្នី ក៏បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហារឿងវិវាទដីធ្លី ជូនប្រជាពលរដ្ឋរស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរីផងដែរ។
បើតាមលោកអភិបាលស្រុក បានបញ្ជាក់ប្រាប់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋភាគីពាក់ព័ន្ធទំនាស់ ក្រោមយុទ្ធសាស្ត្រឈ្នះៗ ដែលជាការយកលំនាំតាមសម្តេចតេជោ។
យុទ្ធសាស្ត្រឈ្នះៗនេះ គឺឈរលើជំហរធ្វើយ៉ាងណាឱ្យគ្រប់ភាគីយល់ស្របហើយពេញចិត្ត នឹងការទទួលយក ដោយមិនមានអារម្មណ៍ថា ជាការដាក់សម្ពាធ ឬរងភាពអយុត្តិធម៌ហើយខ្វះមូលដ្ឋានច្បាប់ជាគោលនោះទេ។
លោកអភិបាលស្រុកបន្តទៀតថា តាមការណែនាំរបស់លោកអភិបាលខេត្ត ក្រុមការងារថ្នាក់ស្រុក បានចុះទៅអង្កេត និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅទីតាំងជាក់ស្តែង ហើយជួបភាគីពាក់ព័ន្ធដែលជាសាក្សី និងពិនិត្យទៅលើឯកសារកាន់កាប់ដីធ្លីជាមូលដ្ឋាន របស់គូភាគី ខណៈដែលប្រជាពលរដ្ឋមួយចំនួនពុំមានឯកសារ តែជាអ្នកកាន់កាប់អាស្រ័យផលជាក់ស្តែង។
លោកបានបន្តថា ចំពោះការងារទំនាស់ដីធ្លីនេះ កន្លងមកលោកអភិបាលខេត្ត តែងតែណែនាំដល់រដ្ឋបាលស្រុក ត្រូវគិតគូរពីសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋ ដែលមានទំនាស់ឱ្យបានត្រឹមត្រូវ ហើយក៏មិនលើកទឹកចិត្ត ឬការពារដល់ជនដែលមិនល្អ លក់ដីឱ្យគេហើយ ចេញមកតវ៉ាទាមទារដីឡើងវិញនោះដែរ។ ទោះយ៉ាងណាក្តីដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រដ្ឋបាលស្រុកនឹងខិតខំធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានឆាប់ បើសិនជាមិនអាចសម្របសម្រួលបានទេ រដ្ឋបាលស្រុកនឹងធ្វើរបាយការណ៍ ដាក់ជូនលោកអភិបាលខេត្ត ហើយបើភាគីទំនាស់ណាមួយមិនសុខចិត្តអាចប្តឹងឧបាស្រ័យ តាមនីតិវិធីច្បាប់បាន៕