(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប លោក ពៅ ពិសិទ្ធ អភិបាលរងខេត្ត លោក ឧកញ៉ា សៀ សុភ័ក្រ នាយកសមាគមព្រះគុណអស្ចារ្យ និងប្រធានមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានថ្លែងថា នៅគ្រប់តំបន់ និងគ្រប់ទីកន្លែង រដ្ឋធម្មនុញ្ញនៃកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដល់ សេរីភាពខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនាដទៃទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងន័យនេះសេរីភាពខាងជំនឿ សាសនានានា គឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំង ដើម្បីចូលរួមក្នុងការងារសង្គម ការងារមនុស្សធម៌ និងកិច្ចការផ្សេងៗទៀតរបស់រដ្ឋ មិនថាតែព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា ឬសាសនាដទៃឡើយ៕