(ប៉ៃលិន)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃបណ្ណសំគាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ឬបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន ៤ភូមិ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហុក សុផល អភិបាលរងខេត្ត និងលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រចាំខេត្ត និងប្រជាពលរដ្ឋជាង២០០នាក់ផងដែរ។
លោក សូ សុខុន បានធ្វើរបាយការណ៍ថា ការចែកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនាពេលនេះដែរ គឺបានធ្វើឡើងក្រោយពីមន្ត្រីជំនាញរបស់ការិយាល័យ សហការជាមួយនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្ត បានចំណាយពេលវេលាជាច្រើនខែ ក្នុងការប្រកាសតំបន់វិនិឆ្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងការចុះវាស់វែង ប្រមូលទិន្នន័យ បំបែកក្បាលដីសរុបលើឯកសារ និងការប្រកាសបិទផ្សាយជាសាធារណៈ រយះពេល ១៥ថ្ងៃ ក្រោយបន្ថែមទៀត ក្នុងការទទួលពាក្យបណ្ដឹងនានា ដើម្បីធ្វើការដោះស្រាយដោយជោគជ័យនិងសមភាព។
ថ្លែងក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានលើកឡើងថា ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់នាពេលនេះ គឺជាវត្ថុដ៏មានតំលៃបំផុត អាចនិយាយបានថា ជាអាយុជីវិត ជាមាស ជាប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បាន ដើម្បីទាញយកប្រយោជន៍បានច្រើន ហើយការផ្តល់ប័ណ្ណនេះ ក៍ជាការចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
អភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីមន្ត្រីរដ្ឋបាលសុរិយោដី ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស ចៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពដីធ្លី របស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ព្រមទាំងយកទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរ។
សូមបញ្ជាក់ថា៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺមានចំនួន ៤ភូមិ៖ ភូមិស្ទឹងកាច់ ភូមិក្ងោក ភូមិរថក្រោះឆេះ និងភូមិតាង៉ែនក្រោម ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានប្រជាពលរដ្ឋ ចំនួន ១០៣៧ គ្រួសារ ស្មើនឹង ១០៣៧ក្បាលដី ក្នុងដីលំនៅដ្ឋានចំនួន ៧៣៦ក្បាលដី និងដីកសិកម្មចំនួន ៣៣៨ក្បាលដី៕