(កំពង់ធំ)៖ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានរៀបចំពិធីបិទការប្រជុំ បូកសរុបលទ្ធផលការងារ អនុវត្តឆ្នាំ២០១៥និងលើកទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក អ៊ុត សំអន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីប្រធានអនុប្រធាន សមាជិកសាខា និងអនុសាខាទាំងប្រាំបី ក្រុង-ស្រុក។

ឆ្លៀតឱកាសនោះដែរ លោក ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអាននូវសេចក្តី សម្រេចប្រកាសតម្លើង បន្ថែមដោយចុះហត្ថលេខា ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាសមាជិក គណៈកម្មាធិការ សាខាតម្លើងទៅជាអនុប្រធានគណៈកម្មាធិការសាខាចំនួនម្នាក់ និងប្រកាសតែងតាំងអនុប្រធានកិត្តិយសបន្ថែមចំនួន ៤រូបទៀត។ មានមតិសំណេះសំណាល បិទការប្រជុំបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ លោក អ៊ុត សំអន បានផ្តាំផ្ញើដល់លោក លោកស្រី តាមសាខានិងអនុសាខាទាំងអស់ ត្រូវឲ្យយល់ពីវិស័យស្នូលទាំងបួន របស់កាកបាទក្រហម អឌ្ឍចន្ទក្រហមដែលលើកឡើង ទី១ ការគ្រប់គ្រងគ្រោះមហន្តរាយមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ដែលធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិ របស់ប្រជាពលរដ្ឋ ទី២សុខភាពនិងអប់រំសុខភាព សហគមន៍ គឺគិតគូទៅលើស្ត្រីដែលមានផ្ទៃពោះឲ្យទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញ យ៉ាងហោចឲ្យបាន៤ដង មុនពេលសម្រាល។ ការធ្វើតេស្តឈាម ពិនិត្យសុខភាព ជាពិសេសអ្នកផ្ទុកមេរោគ អេដស៍ ដើម្បីទប់ស្កាត់ការចម្លងពីមាតាទៅកូន និងគិតគូទៅលើមនុស្សចាស់ជរា កុមារកំព្រា ជនពិកា ដោយស្របតាមទិស្លោក សង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត ទី៣លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ត្រូវលើកកម្ពស់តាមរយៈអប់រំផ្សព្វផ្សាយ ក្នុងពិធីផ្សេងៗ និងទី៤ អភិវឌ្ឍន៍ស្ថាប័ននិងធនធានមនុស្ស គឺចុះជ្រៅដល់មូលដ្ឋាននៅជាមួយប្រជាពលរដ្ឋដឹងសុខទុក្ខជួយសង្គ្រោះ បានទាន់ពេលវេលា។

លោកបានបន្តទៀតថា ការធ្វើផែនការ គឺឲ្យស្របតាមសកម្មភាពជាក់ស្តែង របស់សហគមន៍ ដូចជាគ្រោះមហន្តរាយការត្រៀម បង្ការការឆ្លើយតប៕