(ភ្នំពេញ)៖ របាយការណ៍ថ្មីមួយរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ការដោះស្រាយចន្លោះប្រហោង នៃជំនាញការងារ និងការដែលជំនាញ មិនស្របទៅនឹងការងារ ព្រមទាំងការបង្កើនផលិតភាពកម្លាំងការងារ គឺជាបញ្ហាប្រឈមចម្បងដែលកម្ពុជាកំពុង ប្រឈម ដើម្បីរក្សាការបន្តលូតលាស់ នៃកំណើនសេដ្ឋកិច្ច។ ការបំពេញចន្លោះប្រហោងជំនាញនេះនឹងជួយពង្រឹងកំណើននៃការ កាត់បន្ថយភាពក្រីក្រ ដែលសម្រេចបានរយៈពេលមួយទស្សវត្សរ៍កន្លះកន្លងមក ព្រមទាំងបង្កើន ភាពប្រកួតប្រជែងរបស់ប្រទេសនេះ នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងការសិក្សាវិនិច្ឆ័យ អំពីការងារដែលមានឈ្មោះថា «ប្រទេសកម្ពុជា៖ ការដោះស្រាយចន្លោះ ប្រហោងនៃជំនាញការងារ»ធនាគារ អភិវឌ្ឍន៍អាស៊ីបាន ពិនិត្យទៅលើបញ្ហាប្រឈម ដែលរាំងស្ទះដល់ការពង្រីក និងការកែលម្អកាលានុវត្តភាពការងារប្រកបដោយផលិត ភាពខ្ពស់ក្នុងប្រទេស។ បើទោះបីជាកម្ពុជាមានប្រជាជន ជាងពាក់កណ្តាល រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រជាតិតែក្នុងរយៈពេល ៥ឆ្នាំក៏ដោយ ប៉ុន្តែកម្លាំងការងារជាច្រើន របស់កម្ពុជានៅបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ ការងារងាយរងគ្រោះនៅឡើយ ហើយប្រជាជន ចំនួន ៧១% រស់នៅក្រោមចំណូលតិចជាង៣ដុល្លាក្នុងមួយថ្ងៃ។

លោក Shang-Jin Wei ប្រធានសេដ្ឋកិច្ចវិទូ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា «កម្លាំងការងាររបស់ប្រទេសកម្ពុជាភាគច្រើនមាន វ័យក្មេង ប៉ុន្តែជាទូទៅ ពួកគេជាច្រើនពុំបានទទួលការបណ្តុះ បណ្តាលជំនាញ ដែលស្របទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ចឡើយ។  ដូច្នេះបញ្ហាប្រឈមសម្រាប់អ្នកបង្កើត គោលនយោបាយ គឺត្រូវដោះស្រាយបញ្ហាចន្លោះ ប្រហោងនៃជំនាញការងារនិងការដែល ជំនាញមិនស្របនឹងការងារ»។

លោកបន្តថា «ការអភិវឌ្ឍន៍កម្លាំងការងារមួយ ដែលមានការអប់រំខ្ពស់ជាងមុន មានលទ្ធភាពបំពេញ ការងារបានប្រសើរជាងមុន និងមានផលិតភាពការងារខ្ពស់ជាងមុន មានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការ ពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឱ្យលើសពីវិស័យចម្បងៗ ទាំង៤ ដែលរួមមានជាអាទិ៍ វិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម ព្រមទាំងការធានា បាននូវកំណើនសេដ្ឋកិច្ចខ្ពស់»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងឲ្យដឹងផងដែរថា ការសិក្សាស្រាវជ្រាវរបស់ ADB គឺដូចទៅនឹងអ្វីដែល រាជរដ្ឋាភិបាលកម្ពុជា បានរកឃើញផងដែរ ដោយគម្លាតនៃតម្រូវការងារ និងអ្នកសិក្សា ហាក់មិនត្រូវគ្នាគឺការ សិក្សាលើផ្នែកសង្គម លើសពីតម្រូវការ ហើយការសិក្សាបច្ចេកទេស មានតម្រូវការខ្ពស់ តែមាននិស្សិតសិក្សាតិចទៅវិញ ។ ហេតុដូច្នេះ បានជារាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយដើម្បីជំរុញឲ្យ ការសិក្សា ត្រូវជាមួយតម្រូវទីផ្សារកម្ពុជា។

របាយការណ៍របស់ ADB បានឲ្យដឹទៀតថា ការដោះស្រាយចន្លោះប្រហោងជំនាញ និងការដែលជំនាញមិនស្របនឹងការងារទាមទារ ឱ្យមាន ចំណាត់ការលើមុខព្រួញជាច្រើន រួមមាន ការបង្កើនលទ្ធភាពទទួល បានការអប់រំប្រកបដោយគុណភាពនិងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈកម្រិតមធ្យម ការបង្កើនសមត្ថភាពគ្រូបង្រៀន ដែលមិនទាន់មានគុណវុឌ្ឍិ គ្រប់គ្រាន់ ការលើកកម្ពស់ឱ្យមានធាតុ ចូលពីវិស័យឯកជន លើការបណ្តុះបណ្តាលជំនាញ រាប់បញ្ចូល តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិការងារ ដើម្បីធានាឱ្យបានថា បទដ្ឋានជាតិប្រកបដោយ សង្គតភាពត្រូវបានអនុវត្តនៅក្នុងការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់កម្រិត។ គេក៏ត្រូវការឱ្យមានផងដែរនូវព័ត៌មានកាន់តែប្រសើរ អំពីសេចក្តីត្រូវការ និងនិន្នាការ ការងារ។

ការសិក្សានេះ បានឱ្យដឹងថា អ្នកបង្កើតគោលនយោបាយក៏ត្រូវចាត់វិធានការផងដែរដើម្បីផ្តល់កាលានុវត្តភាពរកប្រាក់ចំណូលឱ្យបាន កាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋជនបទ ក្នុងគោលបំណងពង្រីក សំណាញ់សុវត្ថិភាពសង្គម និងកែលម្អលក្ខខណ្ឌការងារនៅ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅបង្កើតឱ្យបាន នូវសេដ្ឋកិច្ចមួយកាន់តែប្រសើរ ដែលចែករំលែកភាគផលជូនប្រជាពលរដ្ឋគ្រប់រូប។ ការពង្រឹងសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី និង រចនាសម្ព័ន្ធច្បាប់សម្រាប់ចម្លងការដីធ្លី អាចដើរតួនាទីមួយដ៏សំខាន់ក្នុងការលើក កម្ពស់ការអភិវឌ្ឍន៍ជនបទ និង កែលម្អលទ្ធផលការងារនៅជនបទ។ កិច្ចគាំទ្រសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និង មធ្យម (MSMEs) ដែលមានភាពរឹងមាំ និងមានភាពប្រកួតប្រជែង ក៏អាចបង្កើនការងារប្រកប ដោយផលិតភាពខ្ពស់បានផងដែរ៕