(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញភាពមិនប្រក្រតី របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលបន្លំឈ្មោះប្រើប្រាស់ជា «លំនៅឋានសាធារណៈ»

សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជន មួយចំនួនបានយកឈ្មោះ «គម្រោងអភិវឌ្ឍន៏ក្នុងការសង់លំនៅឋានសាធារណៈរបស់រដ្ឋនេះ» ទៅធ្វើសកម្មភាពក្លែងបន្លំ ក្នុងការសង់លំនៅឋាននានា ក្នុងក្រុមហ៊ុនរបស់ខ្លួនលក់ទៅឲ្យប្រជាពលរដ្ឋ។ ក្រសួងបានបញ្ជាក់ថា ការយកឈ្មោះគម្រោងរបស់រដ្ឋទៅប្រើប្រាស់ ដើម្បីផលប្រយោជន៏របស់ក្រុមហ៊ុន ដែលពុំមានការបញ្ជាក់ត្រឹមត្រូវ និងទទួលស្គាល់ពីរដ្ឋាភិបាលតាមបទដ្ឋានបច្ចេកទេសលំនៅដ្ឋាន គឺជារឿងខុសច្បាប់ ហើយក្រសួងមិនទទួលខុសត្រូវឡើយ។

ក្រសួងដែនដី បានបញ្ជាក់បន្ថែមថា គ្រប់គម្រោងអភិវឌ្ឍអចលនទ្រព្យដែលអាចប្រើប្រាស់ឈ្មោះជា «លំនៅឋានសាធារណៈ» បានលុះត្រាណាតែមានការបញ្ជាក់ពីរាជរដ្ឋាភិបាល ដោយផ្អែកលើបទដ្ឋានបច្ចេកទេសលំនៅឋានសាធារណៈ៕