(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង០៣រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមមន្រ្តី វាយកំទ្ទេចទូហ្គេមបាញ់ត្រីចំនួន១២ទូ ក្រោយពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសនាពេលកន្លងទៅ នៅតាមមូលដ្ឋាន។

លោក ហែម ដារិទ្ធ បានថ្លែងថា ដើម្បីលុបបំបាត់ល្បែងស៊ីសង ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ឱ្យបានល្អផងដែរនោះ សាលាខណ្ឌពោធិ៍សែនជ័យ បានវាយកម្ទេចទូហ្គេម ប្រភេទល្បែងស៊ីសងចំនួន១២ទូ ដែលម្ចាស់ទីតាំងបានលួចបើក ដោយគ្មានច្បាប់អនុញ្ញាតហើយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅរឹបអូស នាពេលកន្លងទៅ។

លោក ហែម ដារិទ្ធ បានបន្តថា «ទូហេ្គមទាំង១២ទូនេះ ត្រូវបានរឹបអូសពីកន្លែង ធើ្វអាជីវកម្មខុសច្បាប់ ជាច្រើនកន្លែងនៅក្នុងខណ្ឌ ខណៈដែលពួកគេលួចបើកលេង ទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ»

បញ្ហាហេ្គមទាំងនេះ គឺជាប្រភេទល្បែងស៊ីសង ដែលធើ្វឲ្យពង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួន លះបង់ការសិក្សា ដោយពួកគេគេចទៅលេងហេ្គម ហើយបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល។ លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សន្ដិសុខសង្គម តាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះ អាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ជាដើម៕